×

Cristiano Ronaldo ថា Saudi Pro League នឹងអាចក្លាយជាលីគមួយក្នុងចំណោមលីគកំពូលទាំង ៥ លើពិភពលោក

សារព័ត៌មាន Goal បានស្រង់សម្តីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដោយថា កីឡាករព័រទុយហ្គាល់ជឿជាក់ថា លីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ដែលខ្លួនកំពុងប្រកបអាជីព នឹងអាចក្លាយជាលីគមួយក្នុងចំណោមលីគកំពូលទាំង៥លើពិភពលោក ពេលអនាគត។

កីឡាករវ័យ ៣៨ឆ្នាំ បានអះអាងថាគុណភាពរបស់លីគកំពូលនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត មានភាពប្រសើរឡើងបើទោះបីជាស្ថិតក្នុងរយៈពេលខ្លីដែលមានវត្តមានរូបគេក្តី។
Ronaldo បានថ្លែងដូច្នេះ៖ “លីគរបស់អារ៉ាប៊ីសាអ៊ូឌីត ក៏កំពុងតែល្អប្រសើរឡើង ហើយពេលឆ្នាំក្រោយនឹងកាន់តែល្អប្រសើរថែមទៀត។ ខ្ញុំគិតថាលីគនេះនឹងអាចក្លាយជាលីគមួយស្ថិតក្នុងចំណោមលីគកំពូលទាំង ៥ នៅលើពិភពលោក ប៉ុន្តែពួកគេត្រូវការពេលវេលា កីឡាករ និងហេដ្ឋារចនាសម្ព័ន្ធ។”

Ronaldo ទើបតែបានជួយ Al Nassr យកឈ្នះ Al Shabab ៣-២ ដើម្បីបន្តក្តីសង្ឃឹមប្រជែងពានរង្វាន់ Saudi Pro League និងធ្វើអោយការរង់ចាំលើកពានរបស់ក្រុម Al Ittihad ត្រូវពន្យាពេល។
Ronaldo បានចូលរួមជាមួយ Al Nassr កាលពីខែមករា ឆ្នាំ ២០២៣ ដោយមានកិច្ចសន្យាដែលទទួលបានថ្លៃពលកម្មប្រមាណជាង ២០០លានអឺរ៉ូក្នុងមួយឆ្នាំ។

បច្ចុប្បន្នក្លិបបាល់ទាត់នៅអារ៉ាប៊ីសាអ៊ូឌីត កំពុងបង្ហាញសកម្មភាពខ្លាំងលើការប្រកួតប្រជែងក្នុងកីឡានានាដើម្បីបង្ហាញទៅកាន់ពិភពលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង