ខ្សែការពារស្លាបខាងឆ្វេង Jordi Alba បានសម្រេចចិត្តចែកផ្លូវគ្នាពីក្លិប FC Barcelona ហើយក្រោយពេលដែលបញ្ចប់រដូវកាលនេះ ក្រោយពេលដែលរូបគេបានរួមរស់ជាមួយក្លិបអស់រយៈពេល១១ឆ្នាំកន្លងមក។
កីឡាករសញ្ជាតិអេស្ប៉ាញវ័យ៣៤ឆ្នាំរូបនេះ បានចូលរួមជាមួយ Barcelona តាំងតែឆ្នាំ២០១២មកម្ល៉េះ។ ដែលរូបគេបានបង្ហាញខ្លួនឱ្យក្លិបយក្សនៅអេស្ប៉ាញមួយនេះចំនួន៤៥៨ប្រកួត ដោយជួយឱ្យក្លិបឈ្នះពានរង្វាន់ជាច្រើនមានដូចជា Champions League ១ដង, LaLiga ៦ដង, Copa del Rey ៥ដង, Spanish Super Cup ៤ដង និង FIFA Club World Cup ចំនួនមួយដងផងដែរ។
ទន្ទឹមនឹងនោះដែរ ក្លិបក៏បានចេញនូវសេចក្តីថ្លែងការណ៍មកថា Alba គឺជាខ្សែការពារអស្ចារ្យរបស់ក្លិប។ រូបគេបានរួមរស់ជាមួយយើងអស់រយៈពេលជាង១ទសវត្សរ៍មកហើយ ពួកយើងគ្រប់គ្នានិងចងចាំគេជានិច្ច។ បន្ថែមពីនេះទៅទៀត ក្លិបចង់បង្ហាញពីការគោរពជាសាធារណៈទៅកាន់ Alba ចំពោះការខិតខំ ការលះបង់ និងទំនាក់ទំនងល្អជាមួយមិត្តរួមក្រុមនាពេលកន្លងមក។ ហើយជាចុងក្រោយក្លិបជូនពរឱ្យរូបគេជោគជ័យជាមួយផែនការអនាគតគេជាបន្តទៀត។
ដោយឡែករដូវកាលនេះរូបគេបានបង្ហាញខ្លួនឱ្យ Barcelona ចំនួន២៣ប្រកួតក្នុងក្របខណ្ឌ Laliga ដោយក្នុងនោះភាពច្រើនរូបគេជាកីឡាករបម្រុង។ ដោយលោក Xavi តែងតែប្រើប្រាស់ខ្សែការពារវ័យក្មេង Alejandro Balde ជំនួសវិញ។ រូបគេគឺជាកីឡាករចាស់វស្សាទី៣របស់ Barcelona ហើយដែលចាកចេញ បន្ទាប់ពីការពារ Gerard Pique សម្រេចចូលនិវត្តន៍ និងខ្សែបម្រើ Sergio Busquets ក៏ចាកចេញនៅបំណាច់រដូវកាលនេះដែរ។
គួរបញ្ជាក់ផងដែរថា Jordi Alba ក៏បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញចំនួន ៩១ដង និងជួយឱ្យអេស្ប៉ាញឈ្នះពានរង្វាន់ Euro 2012 ផងដែរ៕