ភ្នំពេញ៖ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលរៀបចំធ្វើឡើងនៅកម្ពុជា មានការគាំទ្រពីអ្នកចូលទស្សនាផ្ទាល់ ទស្សនាតាមទូរទស្សន៍ និងបណ្តាញសង្គម ប្រមាណជាង ៦០០លាននាក់ នៅជុំវិញពិភពលោក ក្នុងនោះសម្រាប់អ្នកចូលទស្សនាតាមកម្មវិធី TikTok មានជិត ២៤ពាន់លានដង ខណៈដែលការរៀបចំព្រឹត្តិការណ៍នេះនៅប្រទេសវៀតណាម មានត្រឹម ១៩ពាន់លានដងប៉ុណ្ណោះ។
ការលើកឡើងឱ្យដឹងបែបនេះរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាការ៉ាតេកម្ពុជា ពិសេស កីឡាករ-កីឡាការិនី និងគ្រូបង្វឹកទាំងអស់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ នឹងរំពឹងថា នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបានតាមការគ្រោងទុក ឬលើសពីនេះ បន្ទាប់ពីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះបានរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ប្រកបដោយជោគជ័យបំផុត ដែលពុំធ្លាប់មាននៅក្នុងមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដូច្នេះកម្ពុជារំពឹងថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខនេះ នឹងទទួលបានភ្ញៀវទេសបរទេសមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា តាមរយៈនៃការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ពិភពលោកទាំងមូលបាញ់ចក្ខុមកទំាងអស់ បច្ចុប្បន្នព្រឹត្តិការណ៍នេះ នៅតែមានការចូលរួមទស្សនាតាមបណ្តាញសង្គម ដោយមានកំណើនការកើនឡើងជាលំដាប់ ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ កម្ពុជាក៏ឈានដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលព្រឹត្តិការណ៍នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដូចគ្នា គឺមានការបើក និងបិទពិធី និងការសម្តែងដែលមានអ្នកចូលរួមរាប់ពាន់នាក់ ដែលនឹងមានភាពអស្ចារ្យមួយផងដែរ។
កាលពីពេលកន្លងទៅលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ធ្លាប់បានលើកឡើងថា សម្រាប់ឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់ ៤លាននាក់ ដែលក្នុងនោះ មានទេសចរជនជាតិចិនប្រមាណ ១លាននាក់ គ្រាដែលក្តីរំពឹងនេះ ត្រូវបានបង្ហាញឡើងបន្ទាប់ពីប្រទេសចិន ប្រកាសដកចេញនូវគោលនយោបាយគ្មានកូវីដ កាលពីថ្ងៃទី ៨មករា។ រីឯសម្រាប់ទេសចរផ្ទៃក្នុង កម្ពុជាសង្ឃឹមថា នឹងទទួលបានក្នុងរង្វង់ ១៥លាននាក់ផងដែរ៕
អត្ថបទ៖ ចេង ឆហួត/CNC