សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានដាក់ពិន័យហុងគ្រីអោយប្រកួតក្នុងទីលានទទេគ្មានអ្នកគាំទ្រចំនួន២ប្រកួត ព្រោះអ្នកគាំទ្រប្រទេសនេះ បានបង្ហាញការរើសអើងពូជសាសន៍ដាក់កីឡាករអង់គ្លេស កាលពីប្រកួតវគ្គជម្រុះ World Cup 2022។
ការសម្រេចរបស់ FIFA ក្រោយពីវិភាគនិងពិចារណាលើការប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃឧបទ្ទវហេតុដែលបណ្តាលមកពីអ្នកគាំទ្រហុងគ្រី បានប្រើពាក្យសម្តី និងកាយវិការមិនសមរម្យ ដូចជា គប់ដបទឹកសុទ្ធ បាញ់កាំជ្រួច ហើយការបិទច្រកចេញចូលនៃកន្លែងអង្គុយ កាលពីអំឡុងការប្រកួតជម្រុះ World Cup 2022 ដែលពួកគេចាញ់ក្រុមអង់គ្លេស ៤-០។ តួយ៉ាង កីឡាកររបស់អង់គ្លេសដូចជា Raheem Sterling និង Jude Bellingham សុទ្ធតែជាជនរងគ្រោះ ក្នុងកាយវិការរើសអើងពូជសាសន៍នោះ។ ទង្វើនេះ ត្រូវបាន FIFA ចាត់ទុក ថាជារឿងមិនអាចទទួលយកបាន និងសម្រេចដាក់ពិន័យតែម្តង។
បន្ថែមពីលើការពិន័យមិនឱ្យមានអ្នកគាំទ្រ២ប្រកួតហើយ FIFA ក៏បានផាកពិន័យសហព័ន្ធបាល់ទាត់ហុងគ្រី ជាទឹកប្រាក់ ២០ម៉ឺនស្វីសហ្រ្វង់ផងដែរ។
រំលឹកថា ពេលមានរឿងខាងលើកើតឡើង សូម្បីតែនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ក៏បានចេញមុខរកយុត្តិធម៌ឱ្យខាងកីឡាករអង់គ្លេសដែរ។ ក្រៅពីនោះក៏មានបុគ្គលល្បីៗច្រើននាក់ទៀត ទាមទារឱ្យ FIFA ពិន័យហុងគ្រីនេះ។ ជាលទ្ធផលឃើញថាការទាមទារនោះពិតជាបានផលប្រាកដមែន។
ក្រុមជម្រើសជាតិហុងគ្រី នឹងត្រូវបើកកីឡដ្នាន Pukas Arena ទទួលការប្រកួតជម្រុះ World Cup នៅពេលខាងមុខនេះ ដោយត្រូវប៉ះក្រុមជម្រើសជាតិអាលបានី នៅថ្ងៃទី៩ ខែតុលា មុនធ្វើដំណើរទៅជួបក្រុមតោកំណាចអង់គ្លេស នៅ៣ថ្ងៃបន្ទាប់ពីនោះ។
ដោយឡែក ក្រៅពីការរងពិន័យពី FIFA ហើយ ហុងគ្រីក៏រងពិន័យពី UEFA មិនអោយមានអ្នកគាំទ្រចូលរួមទស្សនាការប្រកួតចំនួន២ប្រកួតដែរ ដោយសារបញ្ហារបស់អ្នកគាំទ្រដូចគ្នា អំឡុងការប្រកួត UEFA Euro 2020 ដែលធ្វើឡើងនាកីឡដ្ឋាន Puskas Arena កាលពីពេលកន្លងទៅ៕