ការប្រកួតវាយកូនបាល់កម្រិត Grand Slam ទីលានដីឥដ្ឋ កម្មវិធី French Open 2023 បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ដែលការប្រកួតធ្វើឡើងនាទីក្រុងប៉ារីស ប្រទេសបារាំង។
ជាក់ស្តែង ក្នុងជំនួបជុំទី១នេះគឺកីឡាករក្រិច Stefanos Tsitsipas ដែលកំពុងឈរចំណាត់ថ្នាក់លេខ៥ ពិភពលោក បានយកឈ្នះទៅលើ កីឡាករឆេក Jiří Veselý តាមរយៈលទ្ធផល 7-5 6-3 4-6 និង 7-6 ចាយពេលអស់ ៣ម៉ោង ១៣នាទី។
Stefanos Tsitsipas នឹងបន្តឡើងទៅកាន់ជុំទី២ ជួបជាមួយកីឡាករអេស្ប៉ាញ Roberto Carballés Baena ដែលបានទម្លាក់កីឡាករអាមេរិក Emilio Nava។
រីឯការប្រកួត១គូទៀតគឺកីឡាករជើងខ្លាំងរបស់ប៉ូឡូញ Hubert Hurkacz បានយកឈ្នះទៅលើកីឡាករបែលហ្ស៊ីក David Goffin តាមរយៈលទ្ធផល 6-3 5-7 6-4 2-6 និង 6-4 ចាយពេលអស់ ៣ម៉ោង ៤០នាទី។
Hubert Hurkacz នឹងបន្តឡើងទៅជុំទី២ ជួបជាមួយកីឡាករហូឡង់ Tallon Griekspoor ដែលបានយកឈ្នះកីឡាករអេស្ប៉ាញ Pedro Martínez។
សូមបញ្ជាក់ថា កម្មវិធី French Open បានដំណើរការរយៈពេល ១២៧ឆ្នាំ ហើយ បើគិតមកទល់ឆ្នាំ២០២៣ នេះ ដោយការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ ១១ ខែមិថុនា ខណៈប្រាក់រង្វាន់សម្រាប់តំណែងជើងឯកនៃកម្មវិធីមានដល់ទៅជាង ២លាន ៤សែនដុល្លារឯណោះ។ កីឡាករអេស្ប៉ាញ Rafael Nadal គឺជាអ្នកការពារតំណែងជើងឯកនៃកម្មវិធីក្នុងឆ្នាំនេះ ប៉ុន្តែរូបគេបានដកខ្លួនចេញពីការប្រកួតដោយសាររបួសត្រកៀកឆ្វេង ហើយនេះគឺជាលើកទី១ ហើយ ដែលកំពូលអ្នកវាយកូនបាល់ទីលានដីឥដ្ឋរូបនេះ ដកខ្លួនចេញទាំងមិនបានប្រកួត ចាប់តាំងពីរូបគេបានចូលរួមការប្រកួតតាំងពីឆ្នាំ២០០៥មក៕