ការប្រណាំងកង់កម្មវិធី Giro d’Italia 2023 បានបញ្ចប់ហើយ បន្ទាប់ពីបានដំណើរការរយៈពេល ៣សប្តាហ៍កន្លងមក នាប្រទេសអ៊ីតាលី។
ជាក់ស្តែង ក្នុងការប្រកួតដំណាក់កាលទី ២១ ដែលជាដំណាក់កាលផ្តាច់ព្រ័ត្រ ធ្វើឡើងនាទីក្រុង Rome ដែលមានចម្ងាយផ្លូវ ១២៦ គីឡូម៉ែត្រ កីឡាករអង់គ្លេស Mark Cavendish ជាអ្នកទទួលបានជ័យជំនះ ដោយសមាជិកក្រុម Astana បានប្រើពេលអស់ ២ម៉ោង ៤៨នាទី និង២៦វិនាទី។
យ៉ាងណាមិញ តំណែងជើងឯកនៃកម្មវិធីទាំងមូលបានទៅលើកីឡាករស្លូវេនី Primož Roglič ដោយក្នុងការប្រកួតចំនួន២១ដំណាក់កាលកន្លងមក សមាជិកក្រុម Jumbo–Visma បានប្រើពេលវេលាសរុបអស់ ៨៥ម៉ោង ២៩នាទី និង០២វិនាទី។ ជ័យជំនះនេះធ្វើអោយ កីឡាករវ័យ៣៣ឆ្នាំ ក្លាយជាជនជាតិស្លូវេនីទី១ដែលបានឈ្នះពានរង្វាន់ Giro d’Italia។ សម្រាប់ចំណាត់ថ្នាក់លេខ២ នៃកម្មវិធី បានទៅលើកីឡាករអង់គ្លេស Geraint Thomas មកពីក្រុម Ineos យឺតជាងអ្នកឈ្នះជើងឯក ១៤វិនាទី ហើយសម្រាប់ចំណាត់ថ្នាក់លេខ៣ នៃកម្មវិធី បានទៅលើកីឡាករព័រទុយហ្កាល់ João Almeida មកពីក្រុម UAE Emirates ដោយយឺតជាងអ្នកឈ្នះជើងឯក ១នាទី និង១៥វិនាទី។
សូមបញ្ជាក់ថា កម្មវិធី Giro d’Italia គឺជាការប្រណាំងកង់ Grand Tour ទី១ ក្នុងចំណោម៣ ប្រចាំរដូវកាល និងជាទីលាន ទី២២ ក្នុងចំណោម៣៥ នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI WorldTour ប្រចាំរដូវកាល ២០២៣នេះ។ ការប្រកួតជាបន្តគឺជាកម្មវិធី Critérium du Dauphiné ធ្វើឡើងចាប់ពីថ្ងៃទី ៤ ដល់ ១១ ខែមិថុនា ខាងមុខ នាប្រទេសបារាំង៕