ការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៣ បានឈានដល់ដំណាក់កាលទី៦ហើយ ដែលជាកម្មវិធី Monaco Grand Prix។
ការប្រកួតបានធ្វើឡើងនាទីលានដែលមានឈ្មោះថា Circuit de Monaco ស្ថិតនាទីក្រុង Monte Carlo ប្រទេសម៉ូណាកូ ដោយកីឡាករទាំងអស់ត្រូវប្រជែងគ្នា ជិះចំនួន ៧៨ ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ 260.286 គីឡូម៉ែត្រ។
ជាលទ្ធផលនោះគឺកីឡាករហូឡង់ Max Verstappen ជាអ្នកទទួលបានជ័យជម្នះ ដោយសមាជិកក្រុម Red Bull Racing បានចាយពេលអស់ ១ម៉ោង ៤៨នាទី និង៥១វិនាទី ចុច៩៨០។ កីឡាករអេស្ប៉ាញ Fernando Alonso មកពីក្រុម Aston Martin Aramco ជាអ្នកទទួលបានចំណាត់ថ្នាក់លេខ២ យឺតជាងអ្នកលេខ១ ២៧វិនាទី ចុច៩២១ ហើយកីឡាករបារាំង Esteban Ocon មកពីក្រុម Alpine-Renault ជាអ្នកទទួលបានចំណាត់ថ្នាក់លេខ៣ យឺតជាងអ្នកលេខ១ ចំនួន ៣៦វិនាទី ចុច៩៩០។
នៅតារាងពិន្ទុសរុបវិញ Max Verstappen កំពុងឈរកំពូលតារាង មាន ១៤៤ពិន្ទុ ខណៈកីឡាករម៉ិកស៊ិក Sergio Pérez នៅលេខ២ មាន១០៥ពិន្ទុ ហើយ កីឡាករ Fernando Alonso នៅលេខ៣ មាន ៩៣ពិន្ទុ។
ការប្រកួតជាបន្ត ដំណាក់កាលទី៧ គឺជាកម្មវិធី Spanish Grand Prix ធ្វើឡើងនាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ថ្ងៃទី៤ ខែមិថុនា ខាងមុខ៕