មានការរាយការណ៍ថា ខ្សែប្រយុទ្ធ Karim Benzema បានបដិសេធចំពោះការផ្តល់ជូនសំណើធំពីសំណាក់ក្លិបនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Al Ittihad ក្នុងកញ្ចប់ទឹកប្រាក់តម្លៃ ២០០ លានអឺរ៉ូក្នុងមួយរដូវកាល។
ក្របខណ្ឌ Saudi Pro League បានធ្វើឱ្យមានការភ្ញាក់ផ្អើល ក្រោយពីក្លិប Al Nassr នៅក្របខណ្ឌនេះ បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Cristiano Ronaldo កាលពីដើមឆ្នាំ២០២២ ដោយ បានផ្ដល់ប្រាក់ឈ្មួលរហូតទៅជាង២០០លានដុល្លារក្នុងមួយរដូវកាល ដែលជាតម្លៃបំបែកកំណត់ត្រាពិភពលោក។
លើសពីនេះទៅទៀត ក្លិបរបស់អារ៉ាប៊ីសាអ៊ូឌីតផ្សេងទៀត ក៏បង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករលំដាប់ៗកំពូលជាច្រើនផ្សេងទៀតផងដែរ ជាពិសេសក្លិប Al-Hilal បានផ្ដល់សំណើរហូតដល់ទៅ ៥០០លានដុល្លារក្នុងមួយឆ្នាំដល់កំពូលខ្សែប្រយុទ្ធ Lionel Messi ហើយក្លិប Al Ittihad បានដាក់សំណើធំទៅកាន់ ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid ផងដែរ។
យ៉ាងណាមិញ បំណងរបស់ Benzema គឺចង់បន្តលេងនៅក្លិប Real Madrid រហូតដល់កិច្ចសន្យា ត្រូវផុតកំណត់ នៅរដូវកាលក្រោយ។ កិច្ចព្រមព្រៀងរបស់ Benzema បានសម្រេចបន្តកិច្ចសន្យាថ្មីដែលដំណើរការរហូតដល់ឆ្នាំ២០២៤។
ជាមួយនឹងការស៊ុតបញ្ចូលទីបាន ៣៥៣ គ្រាប់ Karim Benzema បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតលំដាប់ទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់ Real Madrid តាមពីក្រោយ Cristiano Ronaldo ម្នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន Benzema បានក្លាយជាខ្សែប្រយុទ្ធជួរមុខរបស់ Real Madrid ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការរកគ្រាប់របស់ក្លិប និងជាចំណែកក្នុងការឈ្នះពានរង្វាន់ប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ៕