×

ក្រុមតំណាងឱ្យប្រទេសមីយ៉ាន់ម៉ានៅស៊ីហ្គេម២០២៣លើវិញ្ញាសាMobile Legendsបានប្រកាសរំសាយក្រុម

ក្រុម Falcon Esports កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសថា កីឡាករទាំងអស់របស់ខ្លួនបានចាកចេញពីក្រុមហើយ និងបានអរគុណដល់កីឡាកររបស់ខ្លួនសម្រាប់ការចូលរួមចំណែករបស់ពួកគេ។

ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការរំសាយក្រុមនេះទេ។ ការសម្រេចចិត្តនេះ ត្រូវបានបង្ហើបនៅពេលកីឡាករ Min “Naomi” Ko បានលើកឡើងនៅក្នុងការបង្ហោះលើ Instagram មុនការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ថា ស៊ីហ្គេមនេះនឹងក្លាយជាការបង្ហាញខ្លួនចុងក្រោយរបស់ពួកគេ។

ទោះបីជាអវត្តមាននៃលីគអាជីព Mobile Legends: Bang Bang នៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ដោយ ក៏ពួកគេបានបង្កើតក្រុមដ៏ខ្លាំងមួយតំណាងឱ្យប្រទេស ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ Southeast Asia Cup 2022 (MSC 2022) និងចំណាត់ថ្នាក់លេខ៥ និងលេខ៦ នៅព្រឹត្តិការណ៍ M4 World Championship ។

Falcon Esports ដែលតំណាងឱ្យមីយ៉ាន់ម៉ា ក៏ទទួលបានមេដាយសំរឹទ្ធ ចំណាត់ថ្នាក់លេខ៣ នៅស៊ីហ្គេមលើកទី៣២ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា ដែលជាការឈ្នះមេដាយជាលើកដំបូងសម្រាប់មីយ៉ាន់ម៉ា ក្នុងប្រភេទកីឡាអេឡិចត្រូនិក នៃព្រឹត្តិការណ៍ស៊ីហ្គេម។

ប៉ុន្តែពួកគេមិនអាចតំណាងឱ្យមីយ៉ាន់ម៉ានៅក្នុងព្រឹត្តិការណ៍ Southeast Asia Cup 2023 (MSC 2023) ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១០ដល់១៨ ខែមិថុនានោះទេ ដោយសារធ្លាក់នៅវគ្គជម្រុះ៕

ប្រភព៖ Falcon Esports/Facebook

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង