Sevilla ដែលត្រូវបានចាត់ទុកជាស្តេចនៃការប្រកួត UEFA Europa League បានដណ្តើមយកពានរង្វាន់កំពូលអឺរ៉ុបទី២នេះមកគ្រប់គ្រងម្តងទៀតហើយ បន្ទាប់ពីយកឈ្នះ Roma នៅ វគ្គផ្តាច់ព្រ័ត្រ ដោយការទាត់បាល់កាត់សេចក្តី ៤-១ ក្រោយស្មើគ្នា ១-១ នៅ ១២០នាទី។
ជំនួបដែលធ្វើឡើងនាទីលាន Puskás Aréna ស្ថិតនាទីក្រុង Budapest ប្រទេសហុងគ្រី កាលពីយប់មិញ ក្រុមទាំងពីរបានធ្វើការវាយសម្រុកដាក់គ្នា យ៉ាងខ្លាំងក្លារៀងខ្លួន ប៉ុន្តែ Sevilla ត្រូវបានមើលឃើញថា ហាក់មានប្រៀបជាង ដោយពួកគេអាចគ្រប់គ្រងស្ថានការណ៍ដល់ទៅ ៦៧ភាគរយ ខណៈឱកាសស៊ុតមានដល់ទៅ១៩ដង រីឯ Roma មានឱកាសស៊ុតតែ១១ដង។ យ៉ាងណា ការប្រកួតដំណើរការបាន៣៥នាទី Roma បែរជាអាចនាំមុខមុន ដោយការស៊ុតបញ្ចូលទីរបស់ Paulo Dybala ដោយវគ្គទី១ មានបាល់ចូលទីតែមួយលើកនេះ។
ឈានដល់វគ្គទី២ នាទី៥៥ Gianluca Mancini របស់ Roma បែរជាភ្លាត់ស្នៀតឱ្យបាល់ចូលទីខ្លួនឯង ធ្វើឱ្យ Sevilla អាចតាមស្មើបានសម្រេច។ លទ្ធផលស្មើគ្នា ១-១ បានបន្តដល់ចប់៩០នាទី និង មានការបន្ថែមម៉ោង ១៥នាទី២ ដង ក៏មិនមានការប្រែប្រួល។ ការប្រកួតក៏បានឈានដល់ការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដោយក្នុងនោះ Sevilla ទាត់ចូល ៤គ្រាប់ ខណៈ Roma ធ្វើបានតែ១គ្រាប់។ ដូច្នេះ Sevilla គឺជាក្រុមដែលឈ្នះនិងក្លាយជាម្ចាស់ពានរង្វាន់ UEFA Europa League រដូវកាល ២០២២-២៣។
ក្រោយទទួលបានជ័យជម្នះ គ្រូបង្វឹក Sevilla លោក Jose Luis Mendilibar បានបង្ហាញពីការរីករាយ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កូនក្រុមខ្លួន ដ្បិតនេះជាពានរង្វាន់ធំទី១ក្នុងអាជីព បន្ទាប់ពីធ្លាប់ឈ្នះពានរង្វាន់ La Liga 2 តាំងពីឆ្នាំ២០០៧ជាមួយ Valladolid ។
បុរសវ័យ៦២ឆ្នាំ ដែលទើបមកដឹកនាំ Sevilla ជំនួសលោក Jorge Sampaoli កាលពីខែមីនា បានឱ្យដឹងថា៖ “វាជារឿងអស្ចារ្យបំផុត ព្រោះខ្ញុំបានឈ្នះពានរង្វាន់ធំបំផុតទី១នៅក្នុងអាជីពជាគ្រូបង្វឹករបស់ខ្ញុំ។ ខ្ញុំសូមអរគុណដល់ការខិតខំរបស់កីឡាករទាំងអស់ ដែលធ្វើឱ្យពួកយើងទទួលបានភាពជោគជ័យដូចពេលនេះ។”
តាមរយៈលទ្ធផលនេះ Sevilla បានបន្តបង្កើនកំណត់ត្រាឈ្នះ UEFA Europa League ជាលើកទី៧របស់ខ្លួន ស្របពេល Roma នៅតែមិនអាចស្គាល់រសជាតិលើកទីពានអឺរ៉ុបនេះ ដោយទទួលបានត្រឹមរងជើងឯកជាលើកទី២។ ដោយឡែកលោក Jose Mourinho ដែលមិនធ្លាប់ខកឱកាសនៅផ្តាច់ព្រ័ត្រអឺរ៉ុបក្នុងនាមជាគ្រូបង្វឹក ក៏ខកចិត្តលើកដំបូងក្នុងការដឹកនាំ Roma ផងដែរ៕