×

ខ្សែប្រយុទ្ធ Karim Benzema ប្រាប់ ក្លិប Real Madrid ថា ខ្លួនអាចធ្វើដំណើរទៅចូលរួមក្លិបនៅអារ៉ាប៊ីសាអ៊ូឌីត

ប្រភពពីសារព័ត៌មាន Goal បានឱ្យដឹងថា ខ្សែប្រយុទ្ធ Karim Benzema បានប្រាប់ទៅកាន់ក្លិប Real Madrid ថារូបគេចង់ទទួលយកការផ្តល់ជូនកិច្ចសន្យាដ៏ធំមួយពីក្លិប Al-Ittihad របស់អារ៉ាប៊ីសាអ៊ូឌីត។

កីឡាករបារាំងបានសម្រេចចិត្តធ្វើការផ្ទេរដោយឥតគិតថ្លៃទៅកាន់ក្របខណ្ឌ Saudi Pro League ហើយបានជូនដំណឹងដល់ក្លិប Real Madrid ថា រូបគេនឹងមិនចុះកិច្ចសន្យាថ្មី បន្ទាប់ពីកិច្ចសន្យាបច្ចុប្បន្នផុតកំណត់នៅក្នុងខែមិថុនានេះ។

Benzema បានទទួលការផ្តល់ជូនកិច្ចសន្យាដ៏ធំរយៈពេល ២ ឆ្នាំដែលនឹងធ្វើឱ្យរូបគេរកបាន ៤០០ លានអឺរ៉ូ។ រូបគេក៏អាចនឹងក្លាយជាទូតសុឆន្ទៈនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣០ ផងដែរ។

យ៉ាងណាមិញ Real Madrid បានព្យាយាមបញ្ចុះបញ្ចូល Benzema ឱ្យស្នាក់នៅយ៉ាងហោចណាស់មួយឆ្នាំទៀត ប៉ុន្តែវាហាក់ដូចជា Karim Benzema នឹងធ្វើដំណើរទៅកាន់ក្លិប Al-Ittihad ជាមួយប្រាក់ដ៏មហាល បន្ទាប់ពីរូបគេធ្លាប់បដិសេធជាច្រើនដងកន្លងមក។

ជាមួយនឹងការផ្ដល់ជូនដល់ Cristiano Ronaldo ដែលបានចូលរួមក្របខណ្ឌ Saudi Pro League ជាមួយក្លិប Al-Nassr រួចហើយនោះ Benzema អាចធ្វើតាមអតីតមិត្តរួមក្រុម Real Madrid របស់ខ្លួន ប៉ុន្តែគេប្រហែលជាមិនមែនជាកីឡាករចុងក្រោយ ដែលធ្វើការផ្លាស់ប្តូរនៅរដូវក្តៅនេះទេ។

ជាក់ស្តែង ខ្សែប្រយុទ្ធ Lionel Messi ក៏ត្រូវបានក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតចង់បានផងដែរ ដោយក្លិប Al-Hilal មានឆន្ទៈក្នុងការផ្តល់ជូនកីឡាករអាហ្សង់ទីននូវកិច្ចព្រមព្រៀងដ៏ធំមួយមិនធ្លាប់មាន ដើម្បីបញ្ចប់ក្ដីសង្ឃឹមរបស់ក្លិប Barcelona និង Inter Miami ដែលចង់បាន Messi ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង