×

លោក Jose Mourinho បើកចំហរសម្រាប់ការវិលទៅដឹកនាំ Real Madrid វិញ

គ្រូបង្វឹក Roma លោក Jose Mourinho ត្រូវបានគេមើលឃើញថាបានបើកទ្វារសម្រាប់ឱកាសក្នុងការវិលត្រលប់ទៅកាន់ការងារនៅក្លិប Real Madrid ឡើងវិញ។

លោក Mourinho កាលពីរដូវកាលមុនបានដឹកនាំ Roma គ្រងជើងឯកពានរង្វាន់ UEFA Europa Conference League ដែលទើបបង្កើតឡើងលើកដំបូងក្នុងរដូវកាល ២០២១-២២។ ប៉ុន្តែរដូវកាលនេះ លោកមិនអាចជួយ Roma បន្តឈ្នះ Europa League ឡើយ បន្ទាប់ពីចាញ់ Sevilla នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់១១ម៉ែត្រកាត់សេចក្តី ៤-១ បន្ទាប់ពីស្មើគ្នា ១-១ នៅ១២០នាទី។

ទន្ទឹមនឹងនេះ លោក Mourinho ត្រូវបានសួរនាំពីលទ្ធភាពក្នុងការវិលត្រលប់ទៅដឹកនាំការងារនៅ Real Madrid វិញ ហើយលោកបាននិយាយថា ពិតជារីករាយចំពោះបទពិសោធន៍នៅទីនោះ។

បុរសសញ្ជាតិព័រទុយហ្គាល់ ជាគ្រូបង្វឹកតែម្នាក់ក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់តំបន់អឺរ៉ុប៥លើក បាននិយាយដោយខ្លីថា៖ “ខ្ញុំស្រលាញ់ Real Madrid វាពិតជាបទពិសោធមួយដ៏ល្អខ្លាំងបំផុត។”

លោក Jose Mourinho ធ្លាប់បានចំណាយពេល ៣រដូវកាលជាមួយ Real Madrid ចាប់តាំងពីឆ្នាំ ២០១០ ដល់ ២០១៣ ហើយក៏ទទួលបានជោគជ័យខ្លាំងនៅទឹកដីអេស្ប៉ាញ ដោយបានដឹកនាំ Real Madrid ឈ្នះពាន La Liga និង Copa del Rey។

យ៉ាងណាមិញ លោកបានអភិវឌ្ឍន៍ទំនាក់ទំនងពោរពេញដោយភាពសាំញាំនៅក្នុងក្រុមជាមួយនឹងកីឡាករ ដែលបង្កជារឿងមិនសប្បាយចិត្តជាច្រើនរហូតលោកបានចែកផ្លូវជាមួយក្រុម។

លោក Mourinho នៅជាប់កិច្ចសន្យាជាមួយ Roma រយៈពេល ១រដូវកាលទៀត តែលោកនៅតែអាចបន្តស្វែងរកការប្រកួតប្រជែងកម្រិតខ្ពស់បន្ថែមទៀត ហើយលោកក៏អាចនឹងអាចចេញមុនពេលដែលកិច្ចសន្យារបស់លោកផុតកំណត់ការងារនៅកីឡដ្ឋាន Stadio Olimpico។

ដោយឡែក មកដល់ពេលនេះអនាគតរបស់លោក Carlo Ancelotti គ្រូបង្វឹក Real Madird បច្ចុប្បន្នកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីក្រុមរបស់លោកបានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ដោយលទ្ធផលសរុប ២ជើង ៥-១ និងរបូតពានរង្វាន់ La Liga ធ្លាក់ទៅកាន់គូប្រជែង Barcelona ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង