ខ្សែប្រយុទ្ធ Lionel Messi បានធ្វើការបង្ហើបថា រូបគេនឹងទៅចូលរួមក្លិប Inter Miami នៅលីគកំពូលអាមេរិក ក្នុងនាមជាកីឡាករឥតតម្លៃខ្លួនក្រោយចាកចេញពីក្លិបជើងឯកបារាំង Paris St-Germain។
ជាការពិត កីឡាករអាហ្សង់ទីនវ័យ៣៥ឆ្នាំ ចង់វិលត្រឡប់ទៅកាន់ក្លិបអេស្ប៉ាញ Barcelona វិញ ប៉ុន្តែបំណងរបស់គេមិនអាចទៅរួចឡើយ ដោយសារច្បាប់ហិរញ្ញវត្ថុ។
Messi ក៏បានទទួលសំណើជារឿយៗពីក្លិប Al-Hilal ដើម្បីទៅសាងព្យុះភ្លៀងនៅលីគកំពូលអារ៉ាប៊ីសាអូឌីតផងដែរ ប៉ុន្តែពេលនេះ រូបគេបានធ្វើការប្រកាសហើយថា នឹងទៅចូលរួមក្លិប Inter Miami វិញ។
ជុំវិញរឿងនេះ Messi បានផ្តល់បទសម្ភាសន៍ជាមួយសារពត៌មាន Diario Sport និង Mundo Deportivo ថា “ខ្ញុំបានធ្វើការសម្រេចចិត្តហើយថា នឹងទៅចូលរួមក្លិប Inter Miami ។ ខ្ញុំនឹងចាកចេញពីទឹកដីអឺរ៉ុប។”
ម្ចាស់ជើងឯក Ballon d’Or ៧សម័យបានបន្តថា “វាជាការពិតដែលខ្ញុំមានសំណើពីក្រុមអ៊ឺរ៉ុបផ្សេងទៀត ប៉ុន្តែខ្ញុំមិនបានគិតពីវាទេ ព្រោះនៅអឺរ៉ុប គំនិតរបស់ខ្ញុំគឺចង់ទៅ Barcelona ប៉ុណ្ណោះ។ បន្ទាប់ពីឈ្នះ World Cup ហើយមិនអាចទៅ Barcelona បាន វាដល់ពេលដែលត្រូវទៅ MLS ដើម្បីរស់នៅបាល់ទាត់តាមរបៀបផ្សេង ហើយរីករាយនឹងជីវិតប្រចាំថ្ងៃរបស់ខ្ញុំបន្ថែមទៀត។”
សូមបញ្ជាក់ថា Lionel Messi បានបញ្ចប់ដំណើររួមរស់ជាមួយក្លិប Paris St-Germain ក្រោយចំណាយរយៈពេល២រដូវកាល ដោយរូបគេបានបង្ហាញខ្លួនចំនួន ៧៥ដង ស៊ុតបញ្ចូលទីបាន៣២គ្រាប់ ដោយបានជួយក្រុមឈ្នះពានរង្វាន់ Ligue 1 ចំនួន២ដង និង Trophée des Champions ១ដងផងដែរ៕