×

Real Madrid ជិតសម្រេចបានការនាំយកខ្សែបម្រើ Jude Bellingham ពី Borussia Dortmund

ក្លិបអាល្លឺម៉ង់ Borussia Dortmund បានឈានដល់កិច្ចព្រមព្រៀងក្នុងការលក់ខ្សែបម្រើ Jude Bellingham ទៅកាន់ក្លិបអេស្ប៉ាញ Real Madrid។ នេះបើតាមការប្រកាសអោយដឹងពីក្លិបនៅក្របខណ្ឌ Bundesliga។

កីឡាករវ័យ ១៩ឆ្នាំ បានចូលរួមជាមួយ Borussia Dortmund ដោយផ្ទេរពីក្លិបលីគទី២អង់គ្លេស Birmingham City កាលពីខែកក្កដា ឆ្នាំ២០២០។ រូបគេបានសាងភាពលេចធ្លោយ៉ាងខ្លាំងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស អំឡុងពេលការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022 ដែលបានធ្វើអោយក្លិបធំៗនៅអឺរ៉ុបជាច្រើនចាប់អារម្មណ៍ចង់បានរូបគេ។ យ៉ាងណាមិញ ពេលនេះ Jude Bellingham បានសម្រេចចិត្តចាកចេញពី Dortmund ទៅចូលរួម Real Madrid ដោយរូបគេនឹងចុះកិច្ចសន្យារយៈពេល៦ឆ្នាំ។

ទន្ទឹមនឹងនេះដែរ ក្លិប Dortmund បានបញ្ជាក់ថា ក្លិប Real Madrid បានយល់ព្រមក្នុងការចំណាយប្រមាណ ១០៣លានអឺរ៉ូ បូករួមទាំងថ្លៃចំណាយដទៃទៀត។ ប្រសិនបើ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍នោះ ការផ្ទេរ Jude Bellingham អាចមានតម្លៃឡើងដល់ ១៣៣,៩ លានអឺរ៉ូឯណោះ។

កីឡាករឆ្នើមប្រចាំរដូវកាលរបស់ Bundesliga ក៏នឹងក្លាយជាកីឡាករបាល់ទាត់អង់គ្លេសថ្លៃបំផុតទី២ និងជាកីឡាករដែលមានតម្លៃថ្លៃជាងគេទី២របស់ Real Madrid បន្ទាប់ពីការផ្ទេររបស់ Eden Hazard ចេញពី Chelsea តម្លៃ ១១៥លានអឺរ៉ូកាលពីឆ្នាំ២០១៩។

សម្រាប់ការនាំយក Jude Bellingham មកចូលរួមនេះដែរ Real Madrid មានគម្រោងអោយរូបគេលេងជាមួយកីឡាករវ័យក្មេងៗដទៃទៀតដូចជា Eduardo Camavinga, Aurelien Tchouameni និង Federico Valverde៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង