×

Paris Saint Germain បញ្ចប់តំណែងគ្រូបង្វឹកលោក Christophe Galtier

ក្លិប Paris Saint Germain បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹក លោក Christophe Galtier ហើយ ក្រោយពីដឹកនាំបានតែមួយរដូវកាលប៉ុណ្ណោះ។

ក្លិបជើងឯកលីគកំពូលបារាំង បានប្រកាសពីសេចក្ដីសម្រេចចិត្តនេះប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ផ្លូវការណាមួយ ដែលបញ្ជាក់ពីមូលហេតុនៃការបញ្ចប់មុខតំណែងរបស់លោក Galtier នោះទេ។

យ៉ាងណាមិញ មានការបង្ហើបថា ការធ្វើមិនបានល្អនាពានរង្វាន់ UEFA Champions League ក្នុងរដូវកាលនេះ បូករួមនឹងការជាប់ការចោទប្រកាន់មួយចំនួនដែលលោក Galtier ធ្លាប់ប្រើពាក្យសម្ដី និងឥរិយាបថរើសអើងពូជសាសន៍ បានក្លាយជាមូលហេតុដែលឈានដល់ការបញ្ចប់តំណែងរបស់លោក។

លោក Christophe Galtier ជនជាតិបារាំង វ័យ៥៦ឆ្នាំ បានចូលមកដឹកនាំ Paris Saint Germain កាលពីខែកក្កដា ឆ្នាំ២០២២ ជំនួសតំណែងលោក Mauricio Pochettino។ មុនទទួលតំណែងនៅទឹកដី Parc des Princes លោក Galtier ធ្លាប់ដឹកក្លិបបារាំងចំនួន ៣ ក្នុងពេលវេលាខុសគ្នា រួមមាន ក្លិប Nice ក្លិប Lille និងក្លិប Saint-Etenne។ លោក បានជួយ Paris Saint Germain ក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ Ligue 1 រដូវកាល ២០២២-២៣ និងជាការឈ្នះជាលើកទី ១១ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបផងដែរ។

ដោយឡែក ក្រោយការបញ្ចប់តំណែងរបស់លោក Christophe Galtier ហើយ Paris Saint Germain កំពុងដាក់គោលដៅ នាំយកអតីតគ្រូ Bayern Munich លោក Julian Nagelsmann មកទទួលការងារជាគ្រូបង្វឹកថ្មីរបស់ខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង