×

ខ្សែប្រយុទ្ធ Karim Benzema បង្ហាញខ្លួនជាកីឡាករ Al-Ittihad ជាផ្លូវការក្រោមការចូលរួមពីអ្នកគាំទ្ររាប់ម៉ឺននាក់

មានអ្នកគាំទ្រច្រើនជាង ៥ម៉ឺន ៦ពាន់នាក់ បាននាំគ្នាមកចូលរួមអបអរក្នុងកម្មវិធីបង្ហាញខ្លួនជាផ្លូវការរបស់ខ្សែប្រយុទ្ធ Karim Benzema ដែលបានក្លាយជាកីឡាកររបស់ក្លិប Al-Ittihad ដោយកម្មវិធីនេះធ្វើឡើងនាកីឡដ្ឋាន Jeddah’s King Abdullah ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

កីឡាករជនជាតិបារាំងទើបតែបានសម្រេចចាកចេញពី ក្លិប Real Madrid បន្ទាប់ពីចំណាយពេលជាមួយគ្នាប្រមាណ ១៤ ឆ្នាំ កន្លងមក។ តាមពិតទៅ Benzema នៅសល់លក្ខខណ្ឌជម្រើសបន្ត១ឆ្នាំទៀតនៅទឹកដី Santiago Bernabéu ប៉ុន្តែរូបគេបានសម្រេចចិត្តលុបចោល ខណៈដែលខាងក្លិបក៏បានបញ្ជាក់ថា ពួកគេគោរពតាម និងទទួលយកការសម្រេចចិត្តអនាគតរបស់សាមីកីឡាករ។

ឥឡូវនេះ Benzema បានចូលរួមជាមួយក្លិប Al-Ittihad ដោយចុះកុងត្រារយៈពេល ៣ ឆ្នាំ គឺមានសុពលភាពដល់ឆ្នាំ២០២៦ ខណៈរូបគេ អាចទទួលប្រាក់ពលកម្មសរុបប្រមាណ ២០០ លានអឺរ៉ូក្នុងអំឡុងពេលនៅជាមួយក្លិបនៅក្របខណ្ឌ Saudi Pro League មួយនេះ។

នៅក្នុងពិធីបង្ហាញខ្លួនជាផ្លូវការនោះដែរ Karim Benzema បានលើកបង្ហាញអ្នកគាំទ្រ នូវពានរង្វាន់ Ballon D’or ដែលរូបគេបានឈ្នះកាលពីឆ្នាំ២០២២ ហើយក្នុងឱកាសនោះរូបគេក៏បានអះអាងថា ខ្លួននឹងប្រឹងប្រែងជួយក្លិប Al-Ittihad ឱ្យទទួលបានជោគជ័យកាន់តែខ្លាំងឡើង។

Benzema គឺជាកីឡាករដំបូងរបស់ Al-Ittihad ចាប់តាំងពីឈ្នះជើងឯកលីគឆ្នាំ២០២៣ និងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ ជាមួយនឹងមិត្តរួមជាតិ N’Golo Kante រំពឹងថានឹងចូលរួមជាមួយរូបគេដោយចាកចេញពី Chelsea ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង