ការប្រកួតវាយកូនបាល់កម្រិត Grand Slam ទី២ ប្រចាំរដូវកាល កម្មវិធី French Open 2023 បានបញ្ចប់ជាស្ថាពរហើយ ក្រោយពីដំណើរការរយៈពេល២សប្តាហ៍កន្លងមក នាទីក្រុង Paris ប្រទេសបារាំង។
ជាក់ស្តែង គេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរគឺកីឡាករសែប Novak Djokovic បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករន័រវេស Casper Ruud តាមរយៈលទ្ធផល 7-6 6-3 និង 7-5 នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។
វាគឺជាពានរង្វាន់ French Open ទី៣របស់ កីឡាករវ័យ៣៦ឆ្នាំ ហើយវាបានធ្វើឱ្យរូបគេក្លាយជាកីឡាករតែម្នាក់គត់ដែលអាចឈ្នះពានរង្វាន់ កម្រិត Grand Slam ទាំង៤ដែលរួមមានពានរង្វាន់ Australian Open, French Open, Wimbledon និង U.S. Open លើសពី៣ដង ក្នុងមួយកម្មវិធី។
ជ័យជម្នះនេះក៏ពានរង្វាន់កម្រិត Grand Slam ទី២៣របស់ Novak Djokovic ដែលធ្វើឱ្យរូបគេ កា្លយជាកីឡាករដែលឈ្នះពានរង្វាន់វាយកូនបាល់កំពូលផ្នែកបុរសច្រើនជាងគេលើពិភពលោក វ៉ាហួសកីឡាករអេស្ប៉ាញ Rafael Nadal ដែលបានឈ្នះចំនួន២២ដង។
Novak Djokovic ក៏នឹងដណ្តើមយកចំណាត់ថ្នាក់លេខ១ពិភពលោកត្រឡប់មកក្នុងដៃរបស់ខ្លួនវិញផងដែរ នៅពេលដែលតារាងចំណាត់ថ្នាក់ធ្វើការផ្លាស់ប្តូរនៅថ្ងៃចន្ទនេះ។
សូមបញ្ជាក់ថា កម្មវិធី French Open 2023 គឺជាការដំណើរការលើកទី១២៧ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយតំណែងជើងឯកនៃកម្មវិធី នឹងទទួលបានប្រាក់រង្វាន់ប្រមាណ ២លាន៤សែនដុល្លារឯណោះ៕