ការប្រណាំងកង់កម្មវិធី Critérium du Dauphiné 2023 បានបញ្ចប់ហើយ ក្រោយពីដំណើរការរយៈពេល ១សប្តាហ៍កន្លងមកនាប្រទេសបារាំង។
ជាការពិត ក្នុងការប្រកួតដំណាក់កាលទី៨ ដែលជាដំណាក់កាលផ្តាច់ព្រ័ត្រនៃកម្មវិធី បានធ្វើឡើងកាលពីម្សិលមិញ ចាប់ពីតំបន់ Le Pont-de-Claix ទៅកាន់តំបន់ La Bastille មានចម្ងាយផ្លូវ ១៥៣គីឡូម៉ែត្រ ហើយក្នុងនោះកីឡាករអ៊ីតាលី Giulio Ciccone មកពីក្រុម Trek ជាអ្នកទទួលបានជ័យជំនះ ដោយប្រើពេលអស់ ៤ម៉ោង ៦នាទី និង៤វិនាទី។
ទោះយ៉ាងណា តំណែងជើងឯកនៃកម្មវិធីទាំងមូលគឺបានទៅលើកីឡាករន័រវេស Jonas Vingegaard ដោយការជិះ ចំនួន៨ដំណាក់កាល សមាជិកក្រុម Jumbo–Visma បានប្រើពេលវេលាសរុបអស់ ២៩ម៉ោង២៨នាទី និង៣៩វិនាទី។ សម្រាប់តំណែងលេខ២នៃកម្មវិធីបានទៅលើកីឡាករអង់គ្លេស Adam Yates មកពីក្រុម UAE Emirates ដោយយឺតជាង ២នាទី និង២៣វិនាទី ហើយកីឡាករអូស្ត្រាលី Ben O’Connor មកពីក្រុម Citroën យកបានតំណែងលេខ៣ ដោយយឺតជាង ២វិនាទី ៥៦វិនាទី។
សូមបញ្ជាក់ថា កម្មវិធី Critérium du Dauphiné គឺជាការដំណើរការលើកទី៧៥ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ កម្មវិធីនេះក៏ជាទីលានទី២៣ក្នុងចំណោម៣៥នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៣។ ការប្រកួតជាបន្តគឺជាកម្មវិធី Tour de Suisse ធ្វើឡើងចាប់ពីថ្ងៃទី ១១ ដល់ ១៨ ខែមិថុនា នាប្រទេសស្វីស៕