កីឡាករតំណាងឱ្យក្រុមកម្ពុជាចំនួនពីររូប បានផ្ដួលទៅលើកីឡាកររបស់ក្រុមនៃប្រទេសម៉ុងហ្គោលី ដើម្បីទទួលជ័យជម្នះនៅក្នុងការប្រកួតវគ្គជម្រុះជុំដំបូង នៃព្រឹត្តិការណ៍ 2023 Chineses Pool International Elite នៅខេត្តជាំងស៊ី ប្រទេសចិន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
កីឡាករកម្ពុជាទាំងពីររូប មានឈ្មោះថា ឡេង ចន្ទគ្រឹស្នា និង សោម សំណាង។ សម្រាប់កីឡាករ ចន្ទគ្រឹស្នា បានយកឈ្នះទៅលើកីឡាករម៉ុងហ្គោលី ដោយលទ្ធផល ៧-៣ ស្របពេលដែលកីឡាករ សំណាង បានផ្ដួលគូប្រកួតរបស់ខ្លួនដោយលទ្ធផល ៧-៥ នៅក្នុងវគ្គជម្រុះជុំដំបូង ដើម្បីឈានទៅវគ្គបន្ត ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។
សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានបញ្ជូនមន្ត្រីនិងកីឡាករចំនួន ៨ រូប ដើម្បីចូលរួមនៅក្នុងការប្រកួត 2023 Chinese Pool International Elite នៅប្រទេសចិន ដែលបានចាកចេញពីកម្ពុជាកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ ២៤ ខែមិថុនា។
ការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ គឺក្នុងគោលដំណងដកស្រង់យកបទពិសោធ និងអភិវឌ្ឍវិស័យប៊ីយ៉ាកម្ពុជា ឱ្យកាន់តែខ្លាំងឡើង ក្រោយការទទួលជោគជ័យក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលអត្តពលិកលើប្រភេទកីឡាប៊ីយ៉ារបស់កម្ពុជា ទទួលបានមេដាយមាសចំនួន ២គ្រឿង និងមេដាយសំរឹទ្ធចំនួន ៤ គ្រឿង៕