ក្លិប Real Madrid បានធ្វើការបង្ហាញខ្លួនខ្សែការពារ Fran Garcia ជាសមាជិកថ្មីជាផ្លូវការ ដោយបាននាំយករូបគេត្រឡប់មកពីក្លិប Rayo Vallecano។
តាមពិតទៅ Fran Garcia ជាកីឡាករដែលដុះដាលចេញពីថ្នាលយុវជនរបស់ Real Madrid តាំងពីឆ្នាំ២០១៣ និងបានដំឡើងទៅកាន់ក្រុមឈុតធំនៅឆ្នាំ ២០១៨។ យ៉ាងណាក្នុងឆ្នាំ២០២០ រូបគេត្រូវបានខ្ចីជើងទៅកាន់ ក្លិប Rayo Vallecano មុនត្រូវទិញយកជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០២១។
យ៉ាងណា ពេលនេះ កីឡាករអេស្ប៉ាញ វ័យ ២៣ឆ្នាំ បានវិលត្រឡប់មកកាន់ Real Madrid វិញ ដោយបានចុះកុងត្រារយៈពេល៤ឆ្នាំ។
នៅក្នុងឱកាសបង្ហាញខ្លួនជាផ្លូវការនោះដែរ Fran Garcia បានបង្ហាញពីអារម្មណ៍ រីករាយដែលបានវិលត្រឡប់មកកាន់ក្លិបដែលរូបគេចាត់ទុកថាជាផ្ទះរបស់ខ្លួន និងត្រៀមខ្លួនដើម្បីសាងប្រវត្តិសាស្ត្រសាជាថ្មីជាមួយនឹងក្លិប។
Real Madrid ដែលជាម្ចាស់ជើងឯកអ៊ឺរ៉ុបចំនួន ១៤ សម័យកាល កំពុងស្ថិតក្នុងដំណើរការនៃការ កសាងក្រុមឡើងវិញ បន្ទាប់ពីការចាកចេញរបស់កីឡាករសំខាន់ៗដូចជា Karim Benzema ដែលបានផ្លាស់ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Ittihad ខណៈកីឡាករជាច្រើនទៀតក៏នឹងចាកចេញដែរដូចជា Marco Asensio, Mariano Díaz និង Eden Hazard។
នៅរដូវកាល ២០២២-២៣ ក្រុមអធិរាជស បានឈ្នះតែពានរង្វាន់ Copa del Rey ហើយនៅក្នុងពានរង្វាន់ La Liga ពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ២ របូតតំណែងជើងឯកទៅអោយក្រុមគូប្រជែង Barcelona ។ នៅក្នុងពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League វិញ ក្រុម Real Madrid បានធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយចាញ់ក្រុម Man City ក្នុងលទ្ធផលទាំង២ជើង ៥-១៕