កាលពីពេលថ្មីៗនេះប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលលោក Ednaldo Rodrigues បាននិយាយថាលោក Carlo Ancelotti ពិតជាសក្តិសមបំផុតក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ហើយគាត់ នឹងរៀបចំអ្នកតំណាងដើម្បីបើកកិច្ចពិភាក្សាជាមួយលោក Ancelotti នៅក្នុងសប្តាហ៍នេះតែម្តង។
ទោះបីជាមានការចង់បានពីសំណាក់សហព័ន្ធបាល់ទាត់ប្រេស៊ីលជារឿយៗក្តី តែលោក Carlo Ancelotti តែងតែបដិសេធរហូតមកដោយលោកបាននិយាយថានឹងនៅដឹកនាំក្រុម Real Madrid រហូតដល់កុងត្រារបស់លោកផុតកំណត់នៅខែកក្កដា ឆ្នាំ២០២៤។
ប៉ុន្តែទន្ទឹមនោះដែរ Ednaldo Rodrigues ក៏បាននិយាយប្រាប់អ្នកសារព័ត័មានក្នុងអំឡុងពេលដែលរូបលោកបានចូលរួមក្នុងកម្មវិធីយុទ្ធនាការប្រឆាំងពូជសាសន៍នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញថា៖ “ចំពោះការរង់ចាំលោក Reuters រហូតដល់ឆ្នាំ២០២៤ នេះវាមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំតែម្នាក់ទេ ព្រោះខ្ញុំត្រូវការការពិភាក្សារជាមួយក្រុមប្រឹក្សាភិបាល និងជាមួយកីឡាកររបស់ទាំងមូលផងដែរ។”
សូមរំឭកថា កាលពីខែមីនាកន្លងទៅលោក Rodrigues ធ្លាប់បានប្រាប់សារព័ត័មាន Reuters ថាលោក Ancelotti អាចមកដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ប្រសិនបើលោកមិនបន្តកុងត្រាជាមួយក្លិប Real Madrid ។ រីឯបច្ចុប្បន្នក្រុមជម្រើសជាតិប្រេស៊ីល មិនទាន់មានគ្រូបង្វឹកដឹកនាំទេ ចាប់តាំងពីការចាកចេញរបស់លោក TiTe បន្ទាប់ពីដឹកនាំប្រេស៊ីលធ្លាក់ក្នុងវគ្គ៨ក្រុមចុងក្រោយ កាលពីព្រឹត្តិការណ៏ World Cup 2022 កន្លងទៅ៕