ក្លិប Paris Saint Germain អាចនឹងដាក់លក់ខ្សែប្រយុទ្ធ Kylian Mbappe នៅរដូវក្តៅនេះ ក្រោយរូបគេបានប្រាប់ថា ខ្លួននឹងមិនបន្តកុងត្រាថ្មីលើសពីចុងបញ្ចប់នៃរដូវកាលក្រោយទេ។
កីឡាករបារាំងវ័យ ២៤ ឆ្នាំ អាចនឹងក្លាយទៅជាកីឡាករឥតតម្លៃខ្លួននៅឆ្នាំក្រោយ ដែលនេះជាស្ថានភាពក្លិប PSG នឹងមិនចង់អោយកើតឡើងនោះទេ។ ខណៈមិត្តរួមក្រុមដូចជា Lionel Messi និង Sergio Ramos សុទ្ធសឹងតែប្រកាសចាកចេញពីក្លិប PSG នៅចុងបញ្ចប់រដូវកាលនេះ។
ទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ នឹងក្លាយជាទីផ្សារដ៏កក្រើកបំផុតនៅក្នុងពិភពបាល់ទាត់។ ជាមួយគ្នានេះម្ចាស់ជើងឯកនៃក្របខណ្ឌ Ligue 1 អាចទទួលបានការផ្តល់ជូនណាមួយសម្រាប់ Mbappe ក្នុងរយៈពេលពីរបីខែខាងមុខ ដើម្បីកុំឱ្យបាត់បង់កីឡាកររបស់ខ្លួនដោយគ្មានបានអ្វីទាល់តែសោះ។
បើយោងតាមអ្នកការសែតដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា Mbappe បានប្រាប់ PSG ថា ខ្លួនមិនមានបំណងបន្តកុងត្រាថ្មីលើកិច្ចព្រមព្រៀងបច្ចុប្បន្ននោះទេ។ Romano បានបន្ថែមទៀតថា ប្រសិនបើ PSG មិនអាចបញ្ចុះបញ្ចូល Mbappe ឱ្យយល់ព្រមលើការបន្តកុងត្រាថ្មីនៅពេលនេះទេ នោះពួកគេអាចនឹងលក់តារាឆ្នើមរូបនេះចេញតែម្ដង ដើម្បីកុំឱ្យខាត់បង់នៅថ្ងៃក្រោយ។
ក្លិបតែមួយគត់ដែលទំនងជាចាប់អារម្មណ៍ជាពិសេសចំពោះម្ចាស់ពានរង្វាន់ World Cup ២០១៨ គឺជាក្លិបយក្សអេស្ប៉ាញ Real Madrid។
Real Madrid បានព្យាយាមតាមចុះហត្ថលេខាលើ Mbappe នាពេលកន្លងមកជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែមិនដែលទទួលបានជោគជ័យទាល់តែសោះ។ បច្ចុប្បន្ន វានឹងក្លាយជាឱកាសថ្មីមួយទៀតសម្រាប់ក្លិប Real Madrid ក្នុងការនាំយក Mbappe បន្ទាប់ពីការសម្រេចចិត្តដ៏គួរអោយភ្ញាក់ផ្អើលរបស់ Karim Benzema ក្នុងការចូលរួមជាមួយ Al-Ittihad នៅលីគអារ៉ាប៊ីសាអ៊ូឌីត៕