×

ព្យាករណ៍៖ហូឡង់ប៉ះក្រូអាតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រUEFA Nations Leagueផ្សាយបន្តផ្ទាល់នៅទូរទស្សន៍CTNនិងហ្វេសប៊ុកផេក CBS Sports យប់នេះ

ការប្រកួតរវាងក្រុមជម្រើសជាតិហូឡង់ និងក្រុមជម្រើសជាតិក្រូអាត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌ UEFA Nations League នឹងធ្វើឡើងនៅកីឡដ្ឋាន Stadion Feijenoord ក្នុងទីក្រុង Rotterdam ប្រទេសហូឡង់ នៅយប់នេះវេលាម៉ោង ១:៣៥ នាទីរំលងអធ្រាត្រដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក CBS Sports តែមួយគត់។

ហូឡង់ បានយកឈ្នះក្នុងការប្រកួត ៥ ក្នុងចំណោម ៦ ប្រកួត និងមិនទាន់ស្គាល់ពាក្យថាចាញ់ ក្នុងពូលរបស់ពួកគេឡើយ។ ជ័យជម្នះដ៏អស្ចារ្យបំផុតរបស់ពួកគេ គឺការយកឈ្នះទៅលើក្រុមបែលហ្ស៊ិកទាំងពីរជើង ក្នុងពូល។

ចំណែកក្រុមជម្រើសជាតិក្រូអាត បានស្មើ និងឈ្នះក្រុមមាន់គកបារាំងដែលជាក្រុមជើងឯករង World Cup 2022 ក្នុងពូលរបស់ពួកគេ ដើម្បីធានាកៅអីរបស់ពួកគេនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Nations League ។

សម្រាប់ហូឡង់ កីឡាករ Memphis Depay ជួបបញ្ហារបួសកំភួនជើង ខណៈអ្នកចាត់ការទូទៅ Ronald Koeman ក៏បានកាត់ឈ្មោះរបស់ Tijjani Reijnders និង Daley Blind ចេញផងដែរ។

រីឯក្រុមភ្ញៀវក្រូអាត ខ្សែការពារ Josko Gvardiol បានខកខានក្នុងការកោះហៅដោយសាររបួស ជាមួយ Marko Livaja ដែលបានដកចេញពីក្រុម បន្ទាប់ពីមានជម្លោះជាមួយក្រុមអ្នកគាំទ្រដែលមើលការហ្វឹកហាត់។

ប្រវត្តិជួបគ្នាចុងក្រោយបំផុតរបសក្រុមទាំងពីរ បានកើតឡើងក្នុងឆ្នាំ២០០៨ នៅពេលដែលក្រូអាតត្រូវបានហូឡង់បំបាក់ដោយលទ្ធផល ០-៣ ក្នុងការប្រកួតមិត្តភាព។ ទោះជាយ៉ាងណា ក្រូអាតបានយកឈ្នះហូឡង់ ២-១ នៅក្នុងព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ១៩៩៨ ក្នុងចំណោមការជួបគ្នាតែ២ដងរបស់ពួកគេ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ ហូឡង់ ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Bijlow; Dumfries, De Ligt, Van Dijk, Ake; De Roon, De Jong, Wijnaldum; Bergwijn, Gakpo, Simons

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ ក្រូអាត ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Livakovic; Juranovic, Sutalo, Erlic, Sosa; Kovacic, Brozovic, Modric; Pasalic, Kramaric, Perisic

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ ហូឡង់ ០-១ ក្រូអាត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង