×

ព្យាករណ៍៖អេស្ប៉ាញប្រកួតទល់នឹងអ៊ីតាលី ផ្សាយបន្តផ្ទាល់នៅទូរទស្សន៍CTNនិងហ្វេសប៊ុកផេកCBS Sportsយប់នេះ

ការប្រកួតរបស់ក្រុមគីឡូធ្ងន់នៅអឺរ៉ុបពីររវាងក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុមជម្រើសជាតិអ៊ីតាលី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខណ្ឌ UEFA Nations League នឹងធ្វើឡើងនៅកីឡដ្ឋាន De Grolsch Veste នាទីក្រុង Enschede ប្រទេសហូឡង់ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, ហ្វេសប៊ុកផេក CBS Sports និង App “CBS Sports News” ចាប់ពីម៉ោង ១:៣៥ នាទីរំលងអធ្រាត្រ យប់នេះតទៅ។

វាជាការសងសឹក នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ២០២១ ដែលអេស្ប៉ាញបានបញ្ចប់កំណត់ត្រាមិនដែលចាញ់ ៣៧ប្រកួតរបស់អ៊ីតាលី។

អេស្ប៉ាញបានចាញ់ស្កុតឡែនកាលពីប្រកួតមុន បន្ទាប់ពីពួកគេធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup 2022 ខណៈអ៊ីតាលី ដែលមិនបានទៅលេងនៅប្រទេសកាតា បានរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមអង់គ្លេសវិញកាលពីខែមីនា។

សម្រាប់អេស្ប៉ាញ ខ្សែបម្រើ Rodri ទំនងជាមិនទាន់អាចលេងបាន៩០នាទីទេក្រោយការឈ្នះពានរង្វាន់ចំនួន៣ក្នុងឆ្នាំតែមួយជាមួយ Manchester City។ ចំណែក Pedri ខ្សែបម្រើ Barcelona នៅតែអវត្តមានដោយសាររបួស។

ងាកមកក្រុមអ៊ីតាលីវិញ Domenico Berardi និង Matteo Pessina បានដកខ្លួនចេញពីក្រុមរបស់លោក Roberto Mancini ដោយសាររបួស។ Francesco Acerbi, Alessandro Bastoni, Matteo Darmian និង Nicola Barella របស់ក្លិប Inter Milan នឹងត្រូវធ្វើតេស្តកាយសម្បទា បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Champions League របស់ពួកគេ កាលពីប៉ុន្មានថ្ងៃមុន។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយនៅគ្រប់កម្មវិធីប្រកួតទាំងអស់ អេស្ប៉ាញបានយកឈ្នះអ៊ីតាលីចំនួន ២ដង ស្មើ ២ដង និងចាញ់ ១ដង។ បរាជ័យរបស់អេស្ប៉ាញចុងក្រោយបំផុតពេលជួបអ៊ីតាលី គឺកាលពីឆ្នាំ២០១៦ នៅពានរង្វាន់ EURO វគ្គ ១៦ក្រុមចុងក្រោយ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ អេស្ប៉ាញ ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Simon; Carvajal, Le Normand, Laporte, Alba; Zubimendi, Merino, Gavi; Asensio, Morata, Olmo

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ អ៊ីតាលី ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Donnarumma; Di Lorenzo, Acerbi, Bastoni, Dimarco; Jorginho, Barella, Verratti; Chiesa, Retegui, Pellegrini

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ អេស្ប៉ាញ ១-២ អ៊ីតាលី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង