×

លោក Arsene Wenger ថា ត្រូវតែធ្វើឱ្យសម្រេចការផ្លាស់ប្តូរ FIFA World Cup ពី៤ឆ្នាំមក២ឆ្នាំម្តង ទោះមានហានិភ័យក៏ដោយ

លោក Arsene Wenger អះអាងថា បានត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរកាលវិភាគការប្រកួតអន្តរជាតិ ដើម្បីអាចរៀបចំព្រឹត្តិការណ៍ World Cup ២ឆ្នាំម្តង ឱ្យបានសម្រេច ទោះមានហានិភ័យច្រើនក្តី។

អតីតអ្នកចាត់ការទូទៅ Arsenal រូបនេះបានស្នើឱ្យមានការឈប់សម្រាកប្រកួតអន្តរជាតិតិចជាងមុន ដើម្បីអាចរៀបចំការប្រកួតបាល់ទាត់ពិភពលោករៀងរាល់២ឆ្នាំម្តង ជំនួសឱ្យការធ្វើ៤ឆ្នាំម្តង ដើម្បីធ្វើឱ្យវិស័យកីឡាបាល់ទាត់កាន់តែប្រសើរឡើង។

លោក Wenger ដែលជាប្រធានផ្នែកអភិវឌ្ឍន៍កីឡាបាល់ទាត់របស់ FIFA និងជាអ្នកស្នើគំនិត ការប្រកួត World Cup ក្លាយជាព្រឹត្តិការណ៍២ឆ្នាំម្តងនិយាយថា «ហានិភ័យគឺធ្វើឱ្យវិស័យបាល់ទាត់កាន់តែប្រសើរឡើង ប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចស្រេចក្នុងការផ្លាស់ប្តូរការប្រកួតនេះ»។

លោក បានបន្ថែមថា គម្រោងនេះពិតជាពិបាកនឹងមានហានិភ័យ ប៉ុន្តែលោកនឹងដោះស្រាយបញ្ហាទាំងឡាយដើម្បីឱ្យបាល់ទាត់ប្រសើរឡើង។

យោងតាមការស្ទង់មតិដែលរៀបចំឡើងដោយ FIFA អ្នកគាំទ្រភាគច្រើនពេញចិត្តការរៀបចំ World Cup ផ្នែកបុរស២ឆ្នាំម្តងជាង៤ ឆ្នាំម្តង ខណៈស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ធំៗមួយចំនួនបដិសេធគម្រោងនេះ។ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA, សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL និងសហព័ន្ធបាល់ទាត់អាម៉េរិកខាងជើង CONCACAF សុទ្ធតែបានបដិសេធ ផែនការរបស់លោក Arsene Wenger ។

នៅពេលត្រូវបានសួរថាតើការបន្ថយកាលប្រកួត World Cup ជាការប្រថុយប្រថានដែរឬទេ? លោក Wenger ឆ្លើយថា ការប្រកួតបាល់ទាត់ពិភពលោកគឺជាព្រឹត្តិការណ៍ដ៏ធំ ប៉ុន្តែការបន្ថយរយៈពេលរៀបចំ នឹងមិនធ្វើឱ្យធ្លាក់ប្រជាប្រិយភាពនោះទេ ហើយកីឡាករក៏មានឱ្យកាសបង្ហាញទេពកោសល្យរបស់ពួកគេលើឆាកអន្តរជាតិច្រើនដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង