×

ព្យាករណ៍៖បារាំងVsក្រិក វគ្គជម្រុះEuro2024 ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅCTN និងCBS Sportsយប់នេះ

ក្រុមជម្រើសជាតិបារាំង ដែលឈ្នះទាំង៣ប្រកួតដំបូងរបស់ពួកគេនៅក្នុងពូល B នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិក្រិក ដែលឈ្នះទាំង២ប្រកួតដំបូងរបស់ពួកគេ ក្នុងវគ្គជម្រុះ Euro 2024 នៅកីឡដ្ឋាន Stade de France ទីក្រុងប៉ារីស ប្រទេសបារាំង ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN, ហ្វេសប៊ុកផេក CBS Sports និង “CBS Sports News” App វេលាម៉ោង១:៣៥ នាទីរំលងអធ្រាត្រយប់នេះ។

មកទល់ពេលនេះ ក្រុមមាន់កកបារាំង ទទួលបាន ៩ពិន្ទុពីការប្រកួតចំនួន៣លើកកន្លងទៅ ដោយយកឈ្នះលើហូឡង់ សាធារណរដ្ឋអៀរឡង់ និងជីប្រាលតា។ សម្រាប់ក្រុមភ្ញៀវ ទើបលេងបានតែ២ប្រកួតប៉ុណ្ណោះ ដោយបានយកឈ្នះទាំងជីប្រាលតា និងសាធារណរដ្ឋអៀរឡង់ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល B ។

អ្នកចាំទីបារាំង Mike Maignan បានខកខានការប្រកួតមុនដោយសាររបួសកំភួនជើង ដូច្នេះវត្តមានរបស់គេនឹងមានភាពស្រពិចស្រពិលក្នុងការប្រកួតនារាត្រីនេះ។ ដោយឡែកខ្សែបម្រើក្រិក Petros Mantalos បានរបួសពេលប្រកួតជាមួយអៀរឡង់ ខណៈកីឡាករ Andreas Bouchalakis និង Dimitris Giannoulis នឹងអវត្តមានទាំងពីររូប។

ការជួបគ្នាចុងក្រោយបំផុតរវាងក្រុមទាំងពីរ បានកើតឡើងកាលពីឆ្នាំ២០០៦ នៅពេលដែលបារាំងបានយកឈ្នះក្រិក ក្នុងលទ្ធផល ១-០ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ បារាំង ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Samba; Kounde, W. Fofana, Konate, Theo; Tchouameni, Griezmann, Camavinga; Coman, Giroud, Mbappe

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ ក្រិក ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Vlachodimos; Baldock, Mavropanos, Chatzidiakos, Tsimikas; Bakasetas, Kourbelis, Mantalos; Masouras, Pavlidis, Pelkas

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ បារាំង ២-១ ក្រិក៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង