×

កីឡាករអេស្ប៉ាញ Jorge Martín ឈ្នះការប្រណាំងម៉ូតូ GP កម្មវិធី German Motorcycle Grand Prix

កីឡាករអេស្ប៉ាញ Jorge Martín បានទទួលជ័យជម្នះនៅក្នុងការប្រណាំងម៉ូតូ GP កម្មវិធី German Motorcycle Grand Prix ដែលធ្វើឡើងនាទីក្រុង Hohenstein-Ernstthal ប្រទេសអាល្លឺម៉ង់។

ជាការពិត ក្នុងការជិះចំនួន៣០ជុំ ទីលាន សរុបចម្ងាយផ្លូវប្រមាណ ១១០,១៣០ គីឡូម៉ែត្រ កីឡាករ វ័យ ២៥ឆ្នាំ ដែលកាន់ចង្កូតឱ្យក្រុម Ducati បានចូលដល់គោលដៅប្រើពេលអស់តែ ៤០នាទី និង៥២វិនាទី ចុច៤៤៩។ សម្រាប់ចំណាត់ថ្នាក់លេខ២ និង លេខ៣ ក៏បានទៅលើសមាជិកក្រុម Ducati ដែរគឺកីឡាករអ៊ីតាលី Francesco Bagnaia បានលេខ២ យឺតជាង ០វិនាទី ចុច០៦៤ ហើយកីឡាករបារាំង Johann Zarco បានលេខ៣ យឺតជាង ៧វិនាទី ចុច ០១៣។

យ៉ាងណាមិញ នៅតារាងពិន្ទុសរុប គឺកីឡាករ Francesco Bagnaia នៅឈរកំពូលតារាងមាន ១៦០ពិន្ទុ កីឡាករ Jorge Martín នៅលេខ២មាន ១៤៤ពិន្ទុ ហើយកីឡាករអ៊ីតាលី Marco Bezzecchi នៅលេខ៣ មាន ១២៦ពិន្ទុ។
ដោយឡែក សម្រាប់លទ្ធផលនៃការប្រកួត Moto2 វិញ គឺជ័យជម្នះបានទៅលើកីឡាករ អេស្ប៉ាញ Pedro Acosta មកពីក្រុម Kalex ហើយលទ្ធផលនៃការប្រកួត Moto3 វិញគឺជ័យជម្នះបានទៅលើកីឡាករតួកគី Deniz Öncü មកពីក្រុម KTM។

សូមបញ្ជាក់ថា កម្មវិធី German Motorcycle Grand Prix គឺជាដំណាក់កាលទី៧ ក្នុងចំណោម ២០ នៃការប្រណាំងម៉ូតូ GP ពានរង្វាន់ MotoGP World Championship ប្រចាំរដូវកាល ២០២៣។ ការប្រកួតជាបន្តដំណាក់កាលទី៨ជាកម្មវិធី Dutch Tourist Trophy ធ្វើឡើងនាទីក្រុង Assen ប្រទេសហូឡង់ ថ្ងៃទី ២៥ ខែមិថុនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង