×

កីឡាករហូឡង់ Max Verstappen ឈ្នះការប្រណាំងរថយន្ត F1 កម្មវិធី Canadian Grand Prix

ការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោកប្រចាំឆ្នាំ២០២៣ បានឈានដល់ដំណាក់កាលទី៨ហើយ ដែលជាកម្មវិធី Canadian Grand Prix។

ការប្រកួតបានធ្វើឡើងនាទីលានដែលមានឈ្មោះថា Circuit Gilles Villeneuve ស្ថិតនាទីក្រុង Montreal ប្រទេសកាណាដា ដោយកីឡាករទាំងអស់ត្រូវប្រជែងគ្នាជិះចំនួន ៧០ជុំទីលាន សរុបចម្ងាយផ្លូវ ប្រមាណ 305.270 គីឡូម៉ែត្រ។

ជាលទ្ធផលគឺកីឡាករហូឡង់ Max Verstappen ជាអ្នកទទួលបានជ័យជំនះ ដោយសមាជិកក្រុម Red Bull Racing បានបញ្ចប់ទីព្រ័ត្រ ចាយពេលអស់តែ ១ម៉ោង ៣៣នាទី និង៥៨វិនាទី ចុច៣៤៨។ នេះគឺជាការឈ្នះទីលានចំនួន៦ហើយ របស់កីឡាករវ័យ២៥ឆ្នាំ។ កីឡាករអេស្ប៉ាញ Fernando Alonso មកពីក្រុម Aston Martin Aramco ជាអ្នកទទួលបានចំណាត់ថ្នាក់លេខ២ ដោយយឺតជាង ៩វិនាទី ចុច៥៧០ ហើយកីឡាករអង់គ្លេស Lewis Hamilton មកពីក្រុម Mercedes ជាអ្នកទទួលបានចំណាត់ថ្នាក់លេខ៣ ដោយយឺតជាងអ្នកលេខ១ ១៤វិនាទីចុច១៦៨។

នៅតារាងពិន្ទុសរុបគិតត្រឹមដំណាក់កាលទី៨នេះគឺ Max Verstappen នៅឈរកំពូលតារាងមាន ១៩៥ពិន្ទុ កីឡាករម៉ិកស៊ិក Sergio Pérez នៅលេខ២ មាន ១២៦ពិន្ទុ ហើយកីឡាករអេស្ប៉ាញ Fernando Alonso នៅលេខ៣ មាន១១៧ពិន្ទុ។

សម្រាប់ការប្រកួតជាបន្តដំណាក់កាលទី៩ ជាកម្មវិធី Austrian Grand Prix ធ្វើឡើងនាទីក្រុង Spielberg ប្រទេសអូទ្រីស ថ្ងៃទី ២ ខែកក្កដា ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង