×

Real Madrid យកបានខ្សែប្រយុទ្ធ Joselu Mato ពី Espanyol ក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិបយក្សអេស្ប៉ាញ Real Madrid បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Joselu Mato ពីក្លិប Espanyol ដែលត្រូវបានកាត់ចោលទៅកាន់ក្របខណ្ឌទី២ លើលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល អមដោយជម្រើសក្នុងការទិញផ្តាច់ផងដែរ។

កីឡាករជម្រើសជាតិអេស្ប៉ាញវ័យ ៣៣ ឆ្នាំរូបនេះធ្លាប់ជាសមាជិករបស់ Real Madrid ផងដែរអំឡុងឆ្នាំ ២០០៩-១២ តែបានបង្ហាញខ្លួនត្រឹមតែ២លើកប៉ុណ្ណោះ មុនពេលផ្លាស់ទៅចូលរួមជាមួយ Hoffenheim របស់អាល្លឺម៉ង់។

Joselu ដែលធ្លាប់លេងនៅ Stoke City និង Newcastle United នៅទឹកដីអង់គ្លេសដែរនោះ ធ្លាប់ស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ លើកសម្រាប់ Espanyol កាលពីរដូវកាលមុន និងទទួលបានការកោះហៅជាលើកដំបូងរបស់ខ្លួនទៅកាន់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងខែមីនា។

Real Madrid បាននិយាយនៅលើគេហទំព័ររបស់ពួកគេថា ក្លិបនឹងធ្វើពិធីបង្ហាញ Joselu ក្នុងនាមជាកីឡាករថ្មីរបស់ខ្លួនដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗនេះ។

សម្រាប់ការនាំយក Joselu មកនេះ មានការជឿថា គឺ Real Madrid នឹងប្រើប្រាស់រូបគេ មកបំពេញកន្លែងរបស់ Karim Benzema ។

Joselu បានផ្ទេរទៅទីនោះ ដោយខាង Real Madrid ចាយលុយទូទាត់តែថ្លៃប្រាក់ពលកម្មសរុបមួយរដូវកាលពេញឱ្យតែ ៥០០ ០០០ អឺរ៉ូប៉ុណ្ណោះ។ ចំណែកឯថ្លៃផ្តាច់កុងត្រា ១,៥ លានអឺរ៉ូ ជាសិទ្ធិដែល Real Madrid អាចសម្រេចថាទិញយកឬអត់ នៅបញ្ចប់រដូវកាលបន្ទាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង