គ្រូបង្វឹក Roma លោក Jose Mourinho ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA សម្រេចដាក់បម្រាមចំនួន ៤ ប្រកួត បន្ទាប់ពីរូបលោកបានប្រើពាក្យសម្តីមិនសមរម្យវាយប្រហារអាជ្ញាកណ្តាលអង់គ្លេស Anthony Taylor បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ។
ការចោទប្រកាន់បានកើតមានឡើងនៅក្នុងចំណតរថយន្ត បន្ទាប់ពីការប្រកួតដ៏ខកចិត្តរបស់ Roma បានបញ្ចប់រួចមក។
លោក Mourinho វ័យ៦០ឆ្នាំ បានសម្តែងការមិនពេញចិត្តចំពោះការកាត់សេចក្តីរបស់លោក Taylor ហើយលោកបានប្រើពាក្យអសីលធម៌ដាក់អាជ្ញាកណ្តាលរូបនេះ ក្នុងទីក្រុង Budapest ប្រទេសហុងគ្រី ជាកន្លែងដែល Sevilla បានផ្តួល Roma ដោយការស៊ុតបាល់១១ម៉ែត្រកាត់សេចក្តី បន្ទាប់ពីបញ្ចប់ការប្រកួតម៉ោងធម្មតានិងម៉ោងបន្ថែម១៥នាទី ២ដង បញ្ចប់ដោយលទ្ធផលស្មើគ្នា១ទល់នឹង១។
សម្រាប់ក្លិប Roma វិញក៏ត្រូវបានហាមឃាត់មិនឱ្យលក់សំបុត្រទៅអ្នកគាំទ្រធ្វើដំណើររបស់ពួកគេសម្រាប់ការប្រកួតអឺរ៉ុប១ប្រកួតនៅរដូវកាលក្រោយ និងពិន័យជាប្រាក់ចំនួន ៥៥០០០ អឺរ៉ូ បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ពីបទគប់វត្តុរឹង និង បាញ់កាំជ្រួច ដែលសកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការប្រព្រឹត្តមិនត្រឹមត្រូវរបស់ខ្លួន៕