កីឡដ្ឋាន Veltins Arena ដែលស្ថិតនាទីក្រុង Gelsenkirchen ប្រទេសអាល្លឺម៉ង់ កំពុងរៀបចំសម្រាប់ការប្រកួតជើងឯកបាល់ទាត់អឺរ៉ុប UEFA Euro 2024 ។ ទីក្រុងចំនួន ១០ ត្រូវបានជ្រើសរើសជាទីក្រុងម្ចាស់ផ្ទះដោយមានការប្រកួតចំនួន ៤ ដែលធ្វើឡើងនៅក្នុងទីក្រុង Gelsenkirchen ដែលមានប្រជាជនប្រហែល ២៦ម៉ឺន នាក់ប៉ុណ្ណោះ។
កីឡដ្ឋាន Veltins Arena បានបើកទ្វារក្នុងឆ្នាំ ២០០១ ដោយវាមិនត្រឹមតែជាកន្លែងសម្រាប់ព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចដំណើរការព្រឹត្តិការណ៍នានាថែមទៀត។ កីឡដ្ឋាននេះមានកៅអីអង្គុយជាង ៦២០០០ ហើយវាគឺជាផ្ទះរបស់ក្លិបបាល់ទាត់ Schalke ផងដែរ។
ការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ ដោយមានក្រុមអឺរ៉ុបចំនួន ២៤ក្រុម ចូលរួមនៅក្នុងការប្រកួតលើកទី ១៧នេះ។
សម្រាប់ទីក្រុងទាំង១០ដែលប្រទេសម្ចាស់ផ្ទះអាល្លឺម៉ង់ បានជ្រើសរើសជាទីតាំងសម្រាប់ដំណើរការការប្រកួតមានដូចជាទីក្រុង Cologne, Stuttgart, Frankfurt, Dusseldorf, Hamburg, Dortmund, Leipzig, Munich និង Berlin។ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រគឺនៅថ្ងៃទី ១៤ ខែកក្កដា អាល្លឺម៉ង់បានជ្រើសរើសដំណើរការនៅពហុកីឡដ្ឋាន Olympiastadion នាទីក្រុង Berlin។
សូមបញ្ជាក់ដែរថា ដោយសារតែកីឡដ្ឋានភាគច្រើននៅប្រទេសអាល្លឺម៉ង់សុទ្ធតែមានភាពទំនើបនិងមានភាពសម្បូរបែបនោះ ទើបពួកគេមិនតម្រូវឱ្យសាងសង់កីឡដ្ឋានថ្មីឡើយ។ ព្រឹត្តិការណ៍ UEFA Euro 2024 នឹងក្លាយជាការប្រកួតបាល់ទាត់ដ៏ធំលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់ចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០០៦ ដែលកាលណោះពួកគេទទួលបានការកោតសរសើរយ៉ាងខ្លាំងក្នុងនាមជាម្ចាស់ផ្ទះដែលអាចរៀបចំនិងដំណើរការព្រឹត្តិការណ៍បានយ៉ាងល្អប្រសើរ៕