យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ក្លឹបកីឡាបាល់ទាត់វិសាខា បានប្រកាសដំណឹង ជុំវិញការចែកផ្លូវគ្នាពីគ្រូបង្គោលលោក Curtis Colum Gerard ខណៈបុរសសញ្ជាតិអៀរឡង់រូបនេះ បានដឹកនាំក្រុមស្ទើរមិនស្គាល់ចាញ់សោះ ពោលគឺចាញ់តែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៤ប្រកួត នៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២១។
ដំណឹងដ៏រសើបនេះ បានធ្វើឱ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ពិសេសអ្នកគាំទ្រក្រុមវិសាខា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដ្បិតពួកគេស្ទើរមិនជឿថា ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០នេះ សម្រេចចែកផ្លូវជាមួយគ្រូបង្វឹក ដែលដឹកនាំក្រុមមិនស្គាល់ចាញ់សោះ កាលពីជុំទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១នេះឡើយ។
ក្លឹបសម្បូរធនធានកីឡាករល្អៗមួយនេះ បានជូនដំណឹងថា៖ “ក្លិបរបស់យើងបានព្រមព្រៀងចែកផ្លូវគ្នាជាមួយលោកគ្រូ Curtis Colum Gerard ជាផ្លូវការហើយ។ លោកគ្រូ Curtis Colum Gerard បានចូលរួមជាមួយពួកយើង កាលពីដើមរដូវកាលឆ្នាំ២០២០។ ពួកយើងទាំងអស់គ្នា ពិតជាសូមអរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូក្នុងការជួយក្លិបរបស់យើងកន្លងមក”។
គួរដឹងថា កាលពីជុំទី១ នៃលីគរដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យក្មេងលោក Colum Curtis វិសាខា បានបញ្ចប់ការប្រកួតដោយឈរកំពូលតារាង និងរក្សាកំណត់ត្រាមិនស្គាល់ចាញ់សោះ បន្ទាប់ពីប្រកួត១២លើក ឈ្នះ៨ និងស្មើ៤ មុនកំណត់ត្រាមិនស្គាល់ចាញ់នេះ ត្រូវបានបំបែកដោយក្រុមនាគខៀវបឹងកេត ក្នុងជំនួបជើងទី២ ដោយវិសាខា បានរងបរាជ័យក្នុងលទ្ធផល ២-១ លើទឹកដីរបស់ខ្លួន។
បច្ចុប្បន្នវិសាខា នៅតែជាបេក្ខភាពក្រុមលំដាប់កំពូលតារាង ដែលមានពិន្ទុប្រកៀកប្រកិតគ្នា ជាក់ស្ដែងក្រោយយកឈ្នះណាហ្គាវើលដ៏ ១-០ កាលពីម្សិលមិញ ពួកគេឡើងឈរកំពូលតារាងបណ្ដោះអាសន្ន និងមាន៣១ពិន្ទុ ស្មើព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន។ ប៉ុន្ដែប្រកួតសេសសល់ វិសាខានឹងត្រូវធ្វើការងារធ្ងន់ ព្រោះត្រូវជួបសុទ្ធតែក្រុមខ្លាំងៗ ដូចជាត្រូវជួបគិរីវង់ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ និងកងយោធពលខេមរភូមិន្ទជាដើម។
សូមបញ្ជាក់ថា សមិទ្ធផលរដូវកាលដំបូង ក្រោមការដឹកនាំរបស់លោក Colum កាលពីឆ្នាំ២០២០ គឺបានបញ្ចប់ត្រឹមលេខ៥ នៃលីគកំពូលកម្ពុជា តែលោកបានជួយឲ្យក្រុមបើកទំព័រប្រវត្តិសាស្រ្ដឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ និងទទួលបានសិទ្ធិចូលរួមប្រកួតពានរង្វាន់ AFC Cup 2021 លើកដំបូង។ តែគួរឲ្យស្ដាយដោយសារបញ្ហាកូវីដ-១៩ AFC បានសម្រេចលុបចោលការប្រកួតប្រចាំតំបន់អាស៊ាន នាំឱ្យវិសាខា ពុំអាចបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះឡើយ៕
ប្រភពរូបភាព ៖ ក្លិបកីឡាបាល់ទាត់វិសាខា
ប្រភពអត្ថបទ ៖ យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)