×

កីឡាករអ៊ីតាលី Francesco Bagnaia ឈ្នះការប្រណាំងម៉ូតូ GP កម្មវិធី Dutch Tourist Trophy

ការប្រណាំងម៉ូតូ GP ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៣ បានបន្តឈានដល់ដំណាក់កាលទី៨ហើយ ដែលជាកម្មវិធី Dutch Tourist Trophy។

ការប្រកួតបានធ្វើឡើង នាទីលានដែលមានឈ្មោះថា TT Circuit Assen ស្ថិតនាទីក្រុង Assen ប្រទេសហូឡង់។ ក្នុងនោះដែរ កីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នាចំនួន ២៦ ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ ១១៨,០៩២ គីឡូម៉ែត្រ។

ជាលទ្ធផលនោះគឺ កីឡាករអ៊ីតាលី Francesco Bagnaia ជាអ្នកទទួលបានជ័យជម្នះ ដោយសមាជិកក្រុម Ducati បានចាយពេលអស់ ៤០នាទី និង ៣៧វិនាទី ចុច៦៤០។ កីឡាករអ៊ីតាលី Marco Bezzecchi មកពីក្រុម Ducati ដូចគ្នាបានទទួលចំណាត់ថ្នាក់លេខ២ យឺតជាង ១វិនាទី ចុច២២៣ ហើយកីឡាករអេស្ប៉ាញ Aleix Espargaró មកពីក្រុម Aprilia ទទួលបានចំណាត់ថ្នាក់លេខ៣ យឺតជាង ១វិនាទី ចុច៩២៥។

ជ័យជម្នះនេះដែរ បានធ្វើឱ្យកីឡាករ Francesco Bagnaia បន្តឈរកំពូលតារាងពិន្ទុសរុប មាន ១៩៤ពិន្ទុ កីឡាករអេស្ប៉ាញ Jorge Martín នៅលេខ២ មាន១៥៩ ហើយកីឡាករ Marco Bezzecchi នៅលេខ៣ មាន១៥៨ពិន្ទុ។

ងាកមកកាន់លទ្ធផលនៃការប្រកួត Moto2 វិញ កីឡាករអង់គ្លេស Jake Dixon មកពីក្រុម Kalex ជាអ្នកទទួលបានជ័យជម្នះ ហើយលទ្ធផលនៃការប្រកួត Moto3 គឺកីឡាករអេស្ប៉ាញ Jaume Masià មកពីក្រុម Honda ជាអ្នកទទួលបានជ័យជម្នះ។

សម្រាប់ដំណាក់កាលទី៩នៃការប្រណាំងម៉ូតូ GP ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៣ គឺជាកម្មវិធី British Motorcycle Grand Prix ធ្វើឡើងនាថ្ងៃទី ៦ ខែសីហា ខាងមុខ នាទីក្រុង Silverstone ប្រទេសអង់គ្លេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង