ក្រុមបាល់ទះវិសាខា បានបញ្ចប់ភារកិច្ចពីព្រឹត្តិការណ៍ JOHOR BAHRU MAYOR’S CUP ជាមួយនឹងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា រួមទាំងកីឡាករមានការសោកស្ដាយចំពោះការកាត់ក្ដី និងលទ្ធផលដែលក្រុមធ្វើបាន។
ក្រុមបាល់ទះរបស់កម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយម្ចាស់ផ្ទះម៉ាឡេស៊ីលើកនេះ ដោយបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ប៉ុន្តែការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានបង្កឱ្យមានការវែកញែកចំពោះការកាត់ក្ដីរបស់អាជ្ញាកណ្ដាល។
ក្រុមវិសាខាបានចាញ់ក្រុម Shah ALAM CITY COUNCIL យ៉ាងប្រផិតប្រផើយ ក្នុងលទ្ធផល ៣សិតទល់២ ជាមួយនឹងពិន្ទុ (២៧-២៩, ២០-២៥, ២៧-២៥, ៣៥-៣៣ និង ១៣-១៥)។ សម្រាប់ការប្រកួតនេះ អគ្គលេខាធិការបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា “Blind referee”។ ជាមួយគ្នានេះ ក៏មានការបញ្ចេញមតិរបស់បងប្អូនអ្នកគាំទ្របាល់ទះ ដែលមិនពេញចិត្តចំពោះការកាត់ក្ដីរបស់អាជ្ញាកណ្ដាលម៉ាឡេស៊ីផងដែរ។
ក្លិបបាល់ទះវិសាខា បានយកឈ្នះទៅលើក្រុម Wei Xu Johor Sukma ដោយលទ្ធផល ៣ សិតទល់ ០ ចាញ់ WIN STREAK TAIWAN ១សិតទល់៣ និងឈ្នះក្រុម SARAWAK ៣សិតទល់០ នៅវគ្គសន្សំពិន្ទុក្នុងពូល។ ការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមលេខ៣ វិសាខាបានចាញ់ក្រុមWIN STREAK TAIWAN ដោយលទ្ធផល ៣សិតទល់០ ។
សូមជម្រាបថា ព្រឹត្តិការណ៍នេះ ត្រូវបែងចែកជា២ពូល ដោយវិសាខាស្ថិតនៅពូល A ដែលមាន ៤ក្រុម និងពូល B មានចំនួន ៣ក្រុម។ ការប្រកួតដំណើរការចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ខែមិថុនា៕