×

អ្នកវាយកូនបាល់ Carlos Alcaraz យកបានតំណែងជើងឯកកម្មវិធី Queen’s Club Championships 2023

ការប្រកួតវាយកូនបាល់ កម្រិត ATP Tour 500 series ទីលានវាលស្មៅ កម្មវិធី Queen’s Club Championships 2023 បានបញ្ចប់ហើយ ក្រោយពីដំណើរការរយៈពេល ១សប្តាហ៍កន្លងមក នាទីក្រុងឡុង ប្រទេសអង់គ្លេស។

នៅក្នុងនោះ គេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ គឺកីឡាករអេស្ប៉ាញ Carlos Alcaraz បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករអូស្ត្រាលី Alex de Minaur នៅក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ តាមរយៈលទ្ធផល 6-4 និង 6-4។

នេះគឺជាលើកដំបូងហើយ ដែលកីឡាករ Carlos Alcaraz បានឈ្នះជើងឯកការប្រកួតលើទីលានវាលស្មៅ បន្ទាប់ពីឆ្លងកាត់៣កម្មវិធីកន្លងមក។ ជ័យជំនះនេះក៏បានធ្វើអោយកីឡាករ វ័យ២០ឆ្នាំ ដណ្តើមបានចំណាត់ថ្នាក់ជាកីឡាករវាយកូនបាល់លំដាប់លេខ១ពិភពលោកវិញ ពីកីឡាករសែប Novak Djokovic ពេលដែលតារាងចំណាត់ថ្នាក់ធ្វើការផ្លាស់ប្តូរនៅថ្ងៃចន្ទនេះ។

សូមបញ្ជាក់ថា កម្មវិធី Queen’s Club Championships បានដំណើរការជាលើកទី ១២០ ហើយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈប្រាក់រង្វាន់សម្រាប់អ្នកឈ្នះជើងឯកមានប្រមាណ ៥២ម៉ឺនដុល្លារ។
ការប្រកួតនេះដែរ រៀបចំឡើងដើម្បីជាការកម្តៅសាច់ដុំរបស់កីឡាករ មុនពេលពួកគេត្រូវទៅចូលរួមការប្រកួតធំកម្រិត Grand Slam កម្មវិធី Wimbledon ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ ១៦ ខែកក្កដា ខាងមុខ នាទីក្រុងឡុង ប្រទេសអង់គ្លេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង