កីឡាករបារាំង Sebastien Ogier បានទទួលជ័យជម្នះនៅក្នុងការប្រកួតការប្រណាំងរថយន្តកម្មវិធី Safari Rally Kenya ដែលការប្រកួតបានធ្វើឡើងនាតំបន់ Naivasha ប្រទេសកេនយ៉ា។
ជាការពិត ការប្រកួតបានធ្វើឡើងរយៈពេល៣ថ្ងៃ ដោយកីឡាករត្រូវប្រជែងគ្នាឆ្លងកាត់ឧបសគ្គជាច្រើន ដូចជាផ្លូវថ្មគ្រួសដ៏លំបាក ក្នុងរយៈចម្ងាយផ្លូវប្រមាណ 355.92 គីឡូម៉ែត្រ។ យ៉ាងណាមិញ Sebastien Ogier ដែលកាន់ចង្កូតអោយក្រុម Toyota នៅតែអាចធ្វើបានល្អជាងគេ ដោយអាចបញ្ចប់ទីព្រ័ត្រ ប្រើពេលអស់តែ ៣ម៉ោង ៣០នាទី និង៤២វិនាទី ចុច៥តែប៉ុណ្ណោះ។ កីឡាករហ្វាំងឡង់ Kalle Rovanperä កាន់ចង្កូតឱ្យក្រុម Toyota ដូចគ្នា បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាងអ្នកលេខ១ ៦វិនាទី ចុច៧ ។ ចំណាត់ថ្នាក់លេខ៣ ក៏បានទៅលើសមាជិកក្រុម Toyota ដែរនោះគឺកីឡាករអង់គ្លេស Elfyn Evans ដោយបានបញ្ចប់ទីព្រ័ត្រយឺតជាងអ្នកលេខ១ ២នាទី ៥៨វិនាទី ចុច៥។
ក្រឡេកមកតារាងពិន្ទុសរុបវិញ កីឡាករ Kalle Rovanperä ជាអ្នកឈរកំពូលតារាង ដោយមាន ១៤០ពិន្ទុ ខណៈកីឡាករ Elfyn Evans នៅលេខ២មាន ៩៩ពិន្ទុ ហើយ Sebastien Ogier ឈរនៅលេខ៣ មាន៩៨ពិន្ទុ។
សូមបញ្ជាក់ថា កម្មវិធី Safari Rally Kenya គឺជាដំណាក់កាលទី៧ក្នុងចំណោម១៣ នៃការប្រណាំងរថយន្តពានរង្វាន់ World Rally Championship ប្រចាំរដូវកាល ២០២៣។ ចំពោះដំណាក់កាលទី៨ គឺជាកម្មវិធី Rally Estonia ធ្វើឡើង នាប្រទេសអេស្តូនី ចាប់ពីថ្ងៃទី ២១ ដល់ ២៣ ខែ កក្កដា ខាងមុខនេះ៕