ខ្សែបម្រើ Luka Modric នៅតែសម្រេចចិត្តបន្តនៅក្លិប Real Madrid ទោះមានក្លិបអារ៉ាប៊ីសាអ៊ូឌីតទាក់ទងចង់បាន និងផ្ដល់លុយច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ។
ជាការពិត កីឡាករក្រូអាត វ័យ៣៧ឆ្នាំ ទើបតែបានបន្តកុងត្រារយៈពេល១ឆ្នាំទៀត ជាមួយ Real Madrid ដែលនឹងធ្វើឱ្យរូបគេអាចបង្ហាញមុខនៅទឹកដី Santiago Bernabéu រហូតដល់ឆ្នាំ២០២៤។
វាគឺជាឆ្នាំទី ៣ ជាប់ៗគ្នាដែល Luka Modric ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៨ បានចុះកិច្ចសន្យាបន្តរយៈពេលមួយឆ្នាំជាមួយ Real Madrid ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងហួសសុពលភាពនៅចុងខែមិថុនានេះ។
កាលពីកំឡុងខែឧសភាកន្លងទៅនេះ Luka Modric ត្រូវបានក្លិបមួយនៅអារ៉ាប៊ីសាអ៊ូឌីតទាក់ទង និងផ្ដល់កុងត្រាក្នុងតម្លៃរហូតទៅដល់ ១២០លានអ៊ឺរ៉ូ ប៉ុន្តែមិនបានសម្រេចនោះទេ។
សូមបញ្ជាក់ថា Luka Modric មកលេងនៅ Real បាន១០រដូវកាលហើយ ដោយចូលលេងបាន៤៨៨ប្រកួត និងស៊ុតចូល ៣៧គ្រាប់៕