លោក Gerardo Martino ត្រូវបានបញ្ជាក់ជាអ្នកចាត់ការថ្មីរបស់ក្រុម Inter Miami នៅសហរដ្ឋអាមេរិក ដើម្បីជំនួសលោក Phil Neville ដែលត្រូវបានបញ្ឈប់ពីតំណែងកាលពីដើមខែមិថុនានេះ។
បុរសវ័យ ៦០ឆ្នាំដែលធ្លាប់ដឹកនាំក្រុមអាហ្សង់ទីនរូបនេះ នឹងបានធ្វើការជាមួយ Lionel Messi និង Sergio Busquets សាជាថ្មី ដោយធ្លាប់ធ្វើការជាមួយគ្នានៅក្រុម Barcelona កំឡុងពេលដែលលោក Martino ដឹកនាំនៅ Camp Nou កាលពីរដូវកាល ២០១៣-១៤។
សហម្ចាស់ក្លិប Inter Miami លោក David Beckham បាននិយាយថា Tata (Gerardo Martino) គឺជាមនុស្សដែលទទួលការគោរពក្នុងកីឡារបស់យើង ដែលមានសមិទ្ធផលជាច្រើន។
Messi និង Busquets មិនទាន់ត្រូវបានគេបង្ហាញជាផ្លូវការក្នុងនាមជាកីឡាករ Inter Miami ទេ។ គេរំពឹងថាការបង្ហាញជាផ្លូវការនឹងកើតឡើងនៅថ្ងៃទី១៦ ខែកក្កដា។
កីឡាកររបស់ Barcelona ម្នាក់ទៀតបានភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិបនៅក្របខណ្ឌ MLS ពោលគឺ Jordi Alba ដែលមិនមានតម្លៃខ្លួនបន្ទាប់ពីចាកចេញពីក្លិបនៅតំបន់កាតាឡាន៕