គ្រូបង្វឹក AS Roma លោក Jose Mourinho បានរងពិន័យ១០ថ្ងៃ រាប់តាំងពីសប្ដាហ៍ប្រកួតដំបូងនៅក្របខណ្ឌ Serie A នារដូវកាល ២០២៣-២៤ ដោយសារការលើកឡើងរបស់លោក ពាក់ព័ន្ធនឹងអាជ្ញាកណ្ដាល។
ជាការពិត លោក Mourinho ត្រូវបានដាក់ទណ្ឌកម្មដោយ តុលាការសហព័ន្ធជាតិនៃសហព័ន្ធបាល់ទាត់អ៊ីតាលី FIGC បន្ទាប់ពីលោកបាននិយាយថា លោក Daniele Chiffi ជាអាជ្ញាកណ្ដាលអន់បំផុត ដែលលោកធ្លាប់បានឃើញ ក្រោយការប្រកួតរបស់ Roma ទល់នឹង Monza កាលពីថ្ងៃទី៣ ខែឧសភា។
បុរសជនជាតិព័រទុយហ្គាល់រូបនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យបង្ហាញវត្តមាននៅតំបន់ខ្សែបន្ទាត់ ឬបន្ទប់ផ្លាស់សម្លៀកបំពាក់ នៅក្នុងថ្ងៃប្រកួតឡើយ ក្នុងរយៈពេល១០ថ្ងៃ ពេលរដូវកាលថ្មីចាប់ផ្ដើម។
លើសពីនេះទៅទៀត អតីតគ្រូបង្វឹករបស់ Chelsea និង Manchester United រូបនេះត្រូវបានពិន័យជាទឹកប្រាក់ ៥ម៉ឺនអឺរ៉ូផងដែរ។
វាគឺជាទណ្ឌកម្មលើកទីពីរដែលលោក Mourinho បានទទួលក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពី UEFA បានពិន័យលើរូបលោកនាការប្រកួត Europa League ចំនួន៤ ប្រកួត សម្រាប់ការប្រើប្រាស់ពាក្យប្រមាថទៅលើអាជ្ញាកណ្តាល លោក Anthony Taylor ក្នុងការប្រកួតចាញ់ក្រុម Sevilla ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីពេលកន្លងទៅ៕