×

ខ្សែបម្រើ N’Golo Kante ជិតក្លាយជាម្ចាស់ក្លិបបាល់ទាត់លីគទី៣នៅបែលហ្ស៊ិក

ខ្សែបម្រើ N’Golo Kante កំពុងត្រៀមផ្លាស់ទៅក្លិបជើងឯកអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad ប៉ុន្តែរូបគេនឹងនៅតែមានទំនាក់ទំនងជាមួយក្លិបបាល់ទាត់នៅអឺរ៉ុបដដែល បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងទិញរបស់ក្លិប Royal Excelsior Virton នៅលីគទី៣ របស់បែលហ្ស៊ិក។

អតីតខ្សែបម្រើ Chelsea និង Leicester City គ្រោងនឹងកាន់កាប់កម្មសិទ្ធិពី Flavio Becca ចាប់ពីថ្ងៃទី ១ ខែកក្កដា តទៅ។ ក្លិបដែលមានទីតាំងនៅជិតព្រំដែនប្រទេសលុចហ្សំប៊ួរ មិនបានបង្ហាញពីព័ត៌មានលម្អិតហិរញ្ញវត្ថុសម្រាប់កិច្ចព្រមព្រៀងនោះទេ។

ជុំវិញរឿងនេះ ក្លិប Royal Excelsior Virton បាននិយាយថា៖ “ក្លិបពិតជាសប្បាយចិត្តខ្លាំងណាស់ដែល N’Golo Kante ជាកីឡាករដ៏អស្ចារ្យម្នាក់អាចមកគ្រប់គ្រងក្លិបបាន។ ក្រុមប្រឹក្សាភិបាលថ្មីនឹងត្រូវបានតែងតាំងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។”

N’Golo Kante បានចាកចេញពីអឺរ៉ុប បន្ទាប់ពីឈ្នះពានរង្វាន់ Premier League ជាមួយ Leicester និង Chelsea ខណៈរូបគេក៏បានដឹកនាំក្រុមដែលមានមូលដ្ឋាននាទីក្រុងឡុងដ៍ ឱ្យបានឈ្នះពានរង្វាន់ UEFA Champions League និង FA Cup ។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ក៏ជាសមាជិកដ៏សំខាន់នៃក្រុមដែលឈ្នះពានរង្វាន់ World Cup 2018 របស់ប្រទេសបារាំងផងដែរ។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា កិច្ចព្រមព្រៀងរបស់ Kante ជាមួយ Al-Ittihad មានតម្លៃ ១០០ លានអឺរ៉ូ ដោយនឹងមានកិច្ចព្រមព្រៀងក្នុងរយៈពេល២ ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង