សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានដំឡើងប្រាក់រង្វាន់ក្នុងព្រឹត្តិការណ៍ FIFA World Cup នារី ឆ្នាំ២០២៣ លើស៣ដងបើធៀបឆ្នាំ២០១៩។ FIFA នឹងផ្តល់ប្រាក់រង្វាន់ផ្ទាល់ផងដែរទៅកាន់កីឡាការិនី ដោយមិនចាំបាច់ឆ្លងកាត់តាមសហព័ន្ធឡើយ។
ជាការពិត កីឡាការិនីនៅក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup នឹងត្រូវបានធានាថា នឹងទទួលបានប្រាក់រង្វាន់ក្នុងម្នាក់យ៉ាងហោចណាស់ ៣ម៉ឺនដុល្លារ នៅថ្ងៃបើកប្រាក់បៀវត្សរ៍របស់ FIFA។
សម្រាប់ការធ្វើបែបនេះ គឺ FIFA មានគោលបំណងចង់ផ្តល់ប្រាក់ដែលជាប្រាក់រង្វាន់ចែកចាយដល់បុគ្គលជាជាងតាមរយៈសហព័ន្ធនីមួយៗ។
ចំណែកសមាជិកនីមួយៗស្ថិតក្នុងក្រុមដែលគ្រងជើងឯក នឹងធ្វើដំណើរត្រឡប់ទៅផ្ទះវិញជាមួយប្រាក់រង្វាន់ក្នុងដៃប្រមាណ ២៧ម៉ឺនដុល្លារ ដែលជាចំណែកនៃប្រាក់រង្វាន់សរុបក្នុងព្រឹត្តិការណ៍ទាំងមូលចំនួន ១១០លានដុល្លារ។ តម្លៃប្រាក់រង្វាន់នេះមានការកើនឡើងប្រមាណជាង ៣០០ភាគរយ បើធៀបទៅនឹងតម្លៃប្រាក់រង្វាន់ឆ្នាំ២០១៩។
ទោះយ៉ាងណា តម្លៃសរុបនៃប្រាក់រង្វាន់ទាំងមូលនៅមានកម្រិតទាបជាងការប្រកួតព្រឹត្តិការណ៍បាល់ទាត់ World Cup ផ្នែកបុរស នៅប្រទេសកាតា ដែលមានតម្លៃប្រាក់រង្វាន់សរុបចំនួន ៤៤០លានដុល្លារ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកផ្នែកនារី FIFA World Cup ឆ្នាំ២០២៣ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ ថ្ងៃទី២០ ខែសីហា ខាងមុខ ដោយមានសហម្ចាស់ផ្ទះចំនួន២គឺអូស្ត្រាលី និង នូវែលហ្សេឡង់៕