×

ខ្សែប្រយុទ្ធ Kylian Mbappe ចង់បានលក្ខខណ្ឌដូច Lionel Messi បើមានក្លិបថ្មីចង់បាន

ខ្សែប្រយុទ្ធ Kylian Mbappe ចង់ដាក់លក្ខខណ្ឌដូចទៅនឹងលក្ខខណ្ឌដែល Lionel Messi អតីតមិត្តរួមក្រុមបានដាក់មុនពេលយល់ព្រមផ្លាស់ទៅក្លិប Inter Miami ប្រសិនបើមានក្លិបថ្មី ចង់បានរូបគេទៅចូលរួម។

តាមរបាយការណ៍ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ OKDiario បានឱ្យដឹងថា Mbappe ចង់បានលក្ខខណ្ឌពីសំណាក់ក្លិបថ្មីដែលរួមមានការផ្តល់នូវភាគរយនៃប្រាក់ចំណូលរបស់ក្លិប ក៏ដូចជាភាគរយនៃសិទ្ធិប្រព័ន្ធផ្សព្វផ្សាយនៅក្នុងនោះ ប្រសិនចង់បានរូបគេ។

Messi បានចាកចេញពី Paris Saint Germain ផ្លាស់ទៅកាន់ក្លិប Inter Miami ដោយទទួលបានប្រាក់ចំណូលប្រមាណ ៥០លានអឺរ៉ូ ក្នុងមួយរដូវកាល។ ស្ថិតក្នុងលក្ខខណ្ឌកិច្ចសន្យានោះ ក៏ត្រូវបានជំរុញដោយប្រាក់ចំណូលពីប្រភពផ្សេងទៀតក្នុងក្លិប និងប្រព័ន្ធផ្សព្វផ្សាយ ថែមទាំងភាគហ៊ុននៅក្នុងភាពជាម្ចាស់របស់ក្លិប Inter Miami មួយរូបផងដែរ។

Mbappe វ័យ ២៤ឆ្នាំ បច្ចុប្បន្នកំពុងតែស្ថិតក្នុងកិច្ចសន្យា ១ឆ្នាំចុងក្រោយជាមួយក្រុមបារាំង Paris Saint Germain ហើយកាលពីពេលថ្មីៗទៀតសោត រូបគេផ្ទាល់បានប្រាប់ទៅកាន់សហព័ន្ធបាល់ទាត់ប្រទេសបារាំងដោយផ្ទាល់ថា នឹងមិនបន្តកិច្ចសន្យា ឬលេងនៅក្នុងទឹកដីប្រទេសបារាំងទៀតឡើយ។

កាលពីរដូវកាលមុន រឿងរ៉ាវនៃភាពស្រពេចស្រពិលនៃអនាគតរបស់ Mbappe ធ្លាប់បានកើតឡើងម្តងរួចមកហើយ នៅពេលដែលក្រុម Real Madrid ព្យាយាមនាំយករូបគេទៅកាន់ទឹកដីអេស្ប៉ាញដោយក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ប៉ុន្តែចុងក្រោយរូបគេបានសម្រេចចិត្តបន្តលេងឱ្យក្រុម PSG ដោយការបន្តកិច្ចសន្យាបន្ថែមដល់ឆ្នាំ ២០២៤។

ទោះយ៉ាងណា ក្រុម Real Madrid ហាក់បីមិនបោះបង់ការចិញ្ចឹមចិត្តរបស់ខ្លួននោះទេទៅលើ Mbappe បើទោះបីជាមិនមានព័ត៌មានកគ្រឹកកគ្រែងចំពោះការបង្ហាញចាប់អារម្មណ៍លើកីឡាករសញ្ជាតិបារាំងនេះក៏ដោយក្តី។

កាលពីពេលថ្មីៗ Karim Benzema ខ្សែប្រយុទ្ធមុតស្រួចប្រចាំក្រុមទើបតែចាកចេញផ្លាស់ទៅក្លិប Al-Ittihad នៅទឹកដីអារ៉ាប៊ីសាអូឌីត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង