កីឡាករហូឡង់ Max Verstappen ដែលជាជើងឯកពិភពលោកឆ្នាំមុននោះ ពេលនេះបានបន្តទទួលជ័យជម្នះនៅក្នុងកម្មវិធី Austrian Grand Prix ដែលជាដំណាក់កាលទី៩ នៃការប្រណាំងរថយន្ត F1 ប្រចាំរដូវកាល២០២៣។
ជាការពិត ការប្រកួតបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នាទីលានដែលមានឈ្មោះថា Red Bull Ring ស្ថិតនាទីក្រុង Spielberg ប្រទេសអូទី្រស ដោយកីឡាករទាំងអស់ត្រូវប្រជែងគ្នាជិះចំនួន ៧១ ជុំទីលានសរុបចម្ងាយផ្លូវប្រមាណ 306.452 គីឡូម៉ែត្រ។
យ៉ាងណាមិញ Max Verstappen ដែលកាន់ចង្កូតឱ្យក្រុម Red Bull Racing អាចបញ្ចប់ទីព្រ័ត្រ បានយ៉ាងល្អ ដោយប្រើពេលអស់ត្រឹមតែ ១ម៉ោង ២៥នាទី និង៣៣វិនាទី ចុច៦០៧។ នេះគឺជាជ័យជម្នះជាប់ៗគ្នា ៥ទីលាន និងជាការឈ្នះជាលើកទី៧ របស់កីឡាករវ័យ ២៥ឆ្នាំ សម្រាប់ការប្រកួតឆ្នាំ២០២៣។ សម្រាប់ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករមូណាកូ Charles Leclerc កាន់ចង្កូតឱ្យក្រុម Ferrari ដោយបញ្ចប់ទីព្រ័ត្រយឺតជាងអ្នកលេខ១ ៥វិនាទី ចុច១៥៥ ហើយកីឡាករម៉ិកស៊ិក Sergio Pérez កាន់ចង្កូតឱ្យក្រុម Red Bull Racing បានទទួលចំណាត់ថ្នាក់លេខ៣ យឺតជាង ១៧វិនាទី ចុច១៨៨។
ដោយឡែក បើក្រឡេកទៅមើលតារាងពិន្ទុសរុប គិតត្រឹមដំណាក់កាលទី៩នេះ Max Verstappen នៅតែបន្តឈរកំពូលតារាងមាន ២២៩ពិន្ទុ ខណៈ Sergio Pérez នៅលេខ២ មាន១៤៨ពិន្ទុ ហើយកីឡាករអេស្ប៉ាញ Fernando Alonso នៅលេខ៣ មាន១៣១ពិន្ទុ។
សម្រាប់ការប្រកួតជាបន្តនៃការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២៣ ដំណាក់កាលទី១០ គឺជាកម្មវិធី British Grand Prix ធ្វើឡើងនាទីក្រុង Silverstone ប្រទេសអង់គ្លេស ថ្ងៃទី ៩ ខែកក្កដា ខាងមុខ៕