អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស និងក្រុម Liverpool លោក Steven Gerrard ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្រុម Al-Ettifaq នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
អ្នកចាត់ការអាយុ ៤៣ឆ្នាំរូបនេះ បាននិយាយកាលពីខែមិថុនាថា គាត់ត្រូវបានគេអញ្ជើញឱ្យទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាលើការផ្ដល់ជូនដ៏មានសក្តានុពលមួយ។
លោក Khalid Al-Dabal ដែលជាប្រធានក្លិបAl-Ettifaq បាននិយាយថា៖ “វត្តមានរបស់ Gerrard នឹងជួយដល់ក្រុមបន្ថែមទៀត និងការបោះជំហានយក្សមួយសម្រាប់លីគរបស់យើង”។ Gerrard បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយក្លិបអារ៉ាប៊ីសាអូឌីត។
Al-Ettifaq ឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងក្របខណ្ឌ Saudi Pro League កាលពីរដូវកាលមុន ដោយតាមពីក្រោយក្រុមជើងឯក Al-Ittihad ៣៥ ពិន្ទុ។
Gerrard ពុំមានការងារនោះទេ ចាប់តាំងពីត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការរបស់ក្រុម Aston Villa កាលពីខែតុលា ឆ្នាំមុន។ ការទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតរបស់ Gerrard បានកើតឡើងបន្ទាប់ពីមានការវិនិយោគដ៏ច្រើន ខណៈដែលកីឡាករកំពូលៗនៅអឺរ៉ុបមួយចំនួន បានចូលរួមជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo នៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ានេះ។
អតីតខ្សែប្រយុទ្ធរបស់ Real Madrid គឺ Karim Benzema, ខ្សែបម្រើ Ruben Neves របស់ Wolves និង N’Golo Kante, Kalidou Koulibaly និង Edouard Mendy របស់ Chelsea ស្ថិតក្នុងចំណោមអ្នកដែលត្រូវផ្លាស់ទៅអារ៉ាប៊ីសាអ៊ូឌីត ខណៈ Marcelo Brozovic របស់ Inter Milan បានផ្ទេរទៅក្រុម Al-Nassr ជាកិច្ចព្រមព្រៀងចុងក្រោយបំផុតដែលត្រូវបញ្ចប់។
និន្នាការនេះ គូសបញ្ជាក់អំពីមហិច្ឆតារបស់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីអភិវឌ្ឍលីគរបស់ខ្លួនឱ្យក្លាយជាលីគកំពូលមួយ។
សួនជម្រាបថា Gerrard បានក្លាយជាគ្រូបង្វឹករបស់ Villa ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែបានចាកចេញបន្ទាប់ពីឈ្នះតែ ១៣ ប្រកួតក្នុងចំណោម ៤០ ប្រកួតដែលគាត់ដឹកនាំ៕