×

Neymarត្រូវបានពិន័យ៣,៣លានដុល្លារសម្រាប់ការបង្កើតបឹងសិប្បនិម្មិតនៅក្នុងភូមិគ្រឹះរបស់គេ

ព្រះរាជអាជ្ញានៅប្រទេសប្រេស៊ីល បានពិន័យតារាបាល់ទាត់ Neymar ចំនួន ៣,៣ លានដុល្លារអាមេរិក សម្រាប់ការបង្កើតបឹងសិប្បនិម្មិតនៅក្នុងបរិវេណភូមិគ្រឹះរបស់គេ នៅជាយក្រុង Rio de Janeiro ដោយគ្មានអាជ្ញាបណ្ណបរិស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថ្មីៗនេះ បានឱ្យដឹងថា ក្រុមប្រឹក្សាក្រុងនៅ Mangaratiba បានចេញការផាកពិន័យចំនួន ៤ សម្រាប់ ការបំពានបរិស្ថានក្នុងការសាងសង់បឹងសិប្បនិម្មិតមួយនៅក្នុងភូមិគ្រឹះរបស់កីឡាកររូបនេះ។

ក្នុងនោះដែរ គេរកឃើញការបំពានជាច្រើន ដែលគ្មានការអនុញ្ញាត រួមមានការជីកប្រឡាយទឹកទន្លេ និងការឈូសឆាយនិងការដាំបន្លែដោយគ្មានការអនុញ្ញាត”។ Neymar មានពេល ២០ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍។

ទីក្រុង Mangaratiba ដែលជាតំបន់ទេសចរណ៍ មានចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រ ពីទីក្រុង Rio ជាកន្លែងដែលតារាបាល់ទាត់របស់ក្លិប Paris Saint-Germain រស់នៅ។

Neymar បានទិញផ្ទះធំរបស់គេនៅក្រុង Mangaratiba នេះកាលពីឆ្នាំ២០១៦។ យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល វាស្ថិតនៅលើផ្ទៃដី ១ម៉ឺនម៉ែត្រការ៉េ និងមានកន្លែងផ្ទុកឧទ្ធម្ភាគចក្រ បន្ទប់ស្ប៉ា និងកន្លែងហាត់ប្រាណ។

Neymar វ័យ ៣១ ឆ្នាំ បច្ចុប្បន្នកំពុងជាសះស្បើយពីការវះកាត់កជើងខាងស្តាំ។ ខ្សែប្រយុទ្ធរូបនេះ មិនបានលេងតាំងពីខែកុម្ភៈមកម្ល៉េះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង