បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួតដំណាក់កាលទី៣រួចមក កីឡាករបែលហ្ស៊ិក Jasper Philipsen បានបន្តទទួលជ័យជម្នះទៀតនៅក្នុងដំណាក់កាលទី៤ នៃការប្រណាំងកង់កម្មវិធី Tour de France 2023។
ជាក់ស្តែង ក្នុងការប្រកួតដំណាក់កាលទី៤ កីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នា ជិះចេញពីតំបន់ Dax ទៅកាន់តំបន់ Nogaro ស្ថិតនាភាគនិរតី ប្រទេសបារាំងមានចម្ងាយផ្លូវប្រមាណ ១៨២គីឡូម៉ែត្រ។
យ៉ាងណាមិញ Jasper Philipsen នៅតែអាចជិះវ៉ាហួសគូប្រជែងដទៃទៀត ដើម្បីឈានមកដល់គោលដៅមុនគេដោយសមាជិកក្រុម Alpecin–Deceuninck ប្រើពេលអស់តែ ៤ម៉ោង ២៥នាទី និង២៨វិនាទី។ កីឡាករអូស្ត្រាលី Caleb Ewan មកពីក្រុម Lotto–Dstny បានចូលមកដល់គោលដៅលំដាប់ទី២ ហើយកីឡាករអាល្លឺម៉ង់ Phil Bauhaus មកពីក្រុម Phil Bauhaus ចូលមកដល់គោលដៅលំដាប់ទី៣។
ដោយឡែក កីឡាករអង់គ្លេស Adam Yates នៅតែអាចបន្តកាន់កាប់កំពូលតារាងពេលវេលាសរុបដដែល នៅក្នុងដំណាក់កាលទី៤នេះ ដោយសមាជិកក្រុម UAE Emirates ប្រើពេលអស់ ១៨ម៉ោង ១៨នាទី និង១វិនាទី។
ការប្រកួតកម្មវិធី Tour de France 2023 ដំណាក់កាលទី៥ ចាប់ផ្តើមពីតំបន់ Pau ទៅកាន់តំបន់ Laruns ភាគនិរតី ប្រទេសបារាំងវិញម្តង មានចម្ងាយផ្លូវប្រមាណ ១៦៣គីឡូម៉ែត្រ៕