ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានយកឈ្នះទៅលើក្រុមកីឡាការិនីឡាវ ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតបើកឆាកពូល A ក្នុងព្រឹត្តិការណ៍ជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍នារីអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023) នៅទីក្រុង Palembang ប្រទេសឥណ្ឌូណេស៊ី កាលពីម្សិលមិញ។
ក្រុមកីឡាការិនីកម្ពុជា បានវាយបក២គ្រាប់ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ដោយកីឡាការិនី Chhit Sapheourn បន្ទាប់ពីត្រូវបាននាំមុខមុនដោយក្រុមកីឡាការិនីឡាវ ១គ្រាប់ នៅកីឡដ្ឋាន Gelora Sriwijaya ។
សូមជម្រាបថា ក្រុមនារីកម្ពុជា បានហ្វឹកហាត់ចំនួន ២ថ្ងៃនៅប្រទេសឥណ្ឌូណេស៊ី ត្រៀមប្រកួតទល់នឹងក្រុមនារីឡាវ។ នេះជាការប្រកួតដំបូងរបស់ក្រុមនារីកម្ពុជា ក្នុងពូល A ដែលមានម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ទីម័រខាងកើត និងឡាវ។
សម្រាប់ការប្រកួតមួយផ្សេងទៀត ម្ចាស់ផ្ទះឥណ្ឌូណេស៊ី បានយកឈ្នះក្រុមនារីទីម័រខាងកើត ក្នុងលទ្ធផល ៧-០ ។ លទ្ធផលនេះ មានន័យថា ឥណ្ឌូណេស៊ីបានឈរនៅចំណាត់ថ្នាក់លេខ១បណ្ដោះអាសន្ន។
ចំណែកពូល B ដែលមានក្រុមនារីថៃ វៀតណាម សិង្ហបុរី និងហ្វីលីពីន នឹងធ្វើការប្រកួតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Athletic Field ប្រទេសឥណ្ឌូណេស៊ី។ ក្នុងនោះ សិង្ហបុរី ត្រូវជួបជាមួយវៀតណាម នៅម៉ោង៣:៣០នាទីរសៀលម៉ោងក្នុងស្រុក និងថៃប៉ះហ្វីលីពីន នៅម៉ោង ៧:៣០នាទីយប់។
សម្រាប់ប្រកួតបន្ទាប់ ក្រុម U-19 នារីកម្ពុជា ត្រូវជួបក្រុម U-19 នារីទីម័រខាងកើត នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា