ខ្សែបម្រើ Marcelo Brozovic របស់ក្លិប Inter Milan បានផ្លាស់ទៅចូលរួមជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្លិប Al-Nassr ប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ។
ចំពោះតម្លៃនៃការផ្ទេរទៅកាន់ក្លិបដែលស្ថិតនៅក្នុងក្របខណ្ឌ Saudi Pro League មិនត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែការផ្សាយរបស់សារព័ត៌មាននានារបស់អ៊ីតាលីបានអោយដឹងថាវាមានតម្លៃប្រមាណ ១៨លានអឺរ៉ូ។
ក្រោយការផ្លាស់ទៅកាន់ក្លិបបាល់ទាត់នាប្រទេសអារ៉ាប៊ីសាអ៊ូឌីត កីឡាករសញ្ជាតិក្រូអាត វ័យ៣០ឆ្នាំបានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា៖ “កុំបារម្ភអីខ្ញុំនៅទីនេះហើយ ខ្ញុំជ្រើសរើសក្លិប Al-Nassr។”
Brozovic បានចូលរួមជាមួយ Inter Milan ក្នុងឆ្នាំ ២០១៥ និងបានជួយក្លិបដែលស្ថិតក្នុងក្របខណ្ឌ Serie A ក្នុងឆ្នាំ ២០២០-២១ ឈ្នះពានរង្វាន់ Italian Cup និងពានរង្វាន់ជាបន្តបន្ទាប់ក្នុងរដូវកាល ២០២២-២៣។ រូបគេក៏បានជាកីឡាករម្នាក់លេងឱ្យក្រុម Inter Milan នៅក្នុងការប្រកួត UEFA Champions League វគ្គផ្តាច់ព្រ័ត្រដែលរងបរាជ័យក្រោមថ្វីជើងក្រុម Manchester City ដោយលទ្ធផល ១-០ កាលពីរដូវកាលមុនផងដែរ។
សូមបញ្ជាក់ថា ក្របខណ្ឌ Saudi Pro League បានក្លាយជាក្របខណ្ឌដ៏ទាក់ទាញមួយពីសំណាក់កីឡាករស្ថិតនៅក្នុងតំបន់អឺរ៉ុបចាប់តាំងពីខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្លាស់ទៅកាន់ក្លិប Al-Nassr តាំងពីខែមករារួចមក៕