ក្លិបម្ចាស់ជើងឯក Ligue 1, Paris St Germain បានបណ្តេញគ្រូបង្វឹកលោក Christophe Galtier កាលពីថ្ងៃពុធ ហើយតែងតាំងអតីតគ្រូបង្វឹក Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique មកកាន់តំណែងជាបន្តភា្លមៗ។
លោក Luis Enrique បានដឹកនាំក្រុម Barcelona ទទួលបានពានរង្វាន់បីក្នុងរដូវកាល ២០១៤-១៥ ខណៈរូបលោកក៏បានដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០២០។ លោកត្រូវបានបណ្តេញចេញពីតំណែង ក្រោយពីពួកគេបានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ វគ្គ ១៦ ក្រុមចុងក្រោយ។ បន្ទាប់ពីនោះបុរសវ័យ ៥៣ឆ្នាំ មិនមានក្រុមដឹកនាំទេ តែពេលនេះលោកបានមកកាន់តំណែងនៅ PSG ដោយចុះកិច្ចសន្យាដល់ឆ្នាំ ២០២៥។ លោក Enrique ត្រូវមានការងារធំនោះគឺការដឹកនាំក្រុមអោយឈ្នះពានរង្វាន់ Champions League។
ក្នុងការបង្ហាញខ្លួនជាផ្លូវការលោក Luis Enrique បានឱ្យដឹងថា៖ “ខ្ញុំមានសម្ពាធគឺការដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់ Champions League ប៉ុន្តែ ខ្ញុំចូលចិត្តសម្ពាធនេះ។ ក្រុមនៅអឺរ៉ុបជាច្រើន ក៏មានសុបិនដូចគ្នានេះដែរ។ ការប្រកួត Champions League វាពិបាកណាស់ ព្រោះអ្នកធ្លាក់ចេញពីការប្រកួត គ្រប់ពេល ប៉ុន្តែយើងខិតខំឱ្យខ្លាំងជាងនេះ”។
ដោយឡែក ប្រធានក្លិប PSG លោក Nasser Al-Khelaifi បានស្វាគមន៍គ្រូបង្វឹកថ្មី ហើយបាននិយាយថា អនាគតរបស់កីឡាករ Kylian Mbappe នឹងក្លាយជាប្រធានបទនៃការពិភាក្សានៅ PSG ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
Mbappe បានផ្ញើសំបុត្រទៅ PSG កាលពីខែមុនដោយបញ្ជាក់ថា គេគ្មានចេតនាបន្តកិច្ចសន្យាដែលនឹងផុតកំណត់នៅឆ្នាំ ២០២៤។ ប៉ុន្តែក្រោយមកគេបានបញ្ជាក់យ៉ាងច្បាស់ថា គេមិនបានសុំឱ្យក្លិបបារាំងអនុញ្ញាតឱ្យគេផ្ទេរទៅក្លិបអេស្ប៉ាញ Real Madrid នោះទេ។
លោក Al-Khelaifi បាននិយាយថា Mbappe ត្រូវតែចុះហត្ថលេខាលើកិច្ចសន្យាថ្មី ប្រសិនបើគេចង់បន្តនៅក្លិប ខណៈដែលម្ចាស់ជើងឯកបារាំង នឹងមិនអនុញ្ញាតឱ្យកីឡាករចាកចេញដោយឥតគិតថ្លៃនៅឆ្នាំក្រោយនោះឡើយ៕