×

លោក Carlo Ancelotti នឹងក្លាយជាគ្រូបរទេសដឹកនាំជម្រើសជាតិប្រេស៊ីលលើកដំបូង

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti នឹងប្តូរទៅកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលវិញ សម្រាប់ការប្រកួតព្រឹត្តិការណ៍ Copa America 2024។

កាលពីពេលថ្មីនេះ សហព័ន្ធបាល់ទាត់ប្រេស៊ីល បានប្រកាសអំពីការតែងតាំងអតីតគ្រូបង្វឹកក្រុម Fluminense លោក Fernando Diniz សម្រាប់កាន់តំណែងគ្រូបង្វឹកក្រុមប្រេស៊ីលបណ្តោះអាសន្ន។

លោក Ancelotti បច្ចុប្បន្នកំពុងដឹកនាំ Real Madrid ខណៈដែលកិច្ចសន្យារបស់លោកនៅសល់ ១រដូវកាលទៀត ហើយពេលផុតកិច្ចសន្យា លោកនឹងត្រូវដឹកនាំក្រុមប្រេស៊ីលនៅក្នុងពេលដែលពួកគេ ប្រជែងពាន Copa America នាសហរដ្ឋអាមេរិកចាប់ពីខែមិថុនា ឆ្នាំ ២០២៤។

ប្រសិនបើលោក Ancelotti ទៅដឹកនាំក្រុមប្រេស៊ីល នោះលោកនឹងក្លាយជាគ្រូបង្វឹកជនជាតិបរទេសដំបូងបំផុតដែលបង្វឹកក្រុមប្រេស៊ីលក្នុងរយៈពេលជិត ៦០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រ។ គ្រូបង្វឹកបរទេសដែលបានដឹកនាំក្រុមប្រេស៊ីលចុងក្រោយបង្អស់នោះគឺលោក Filpo Nunez សញ្ជាតិអាហ្សង់ទីននៅក្នុងឆ្នាំ ១៩៦៥។

បុរសជនជាតិអ៊ីតាលីវ័យ ៦៤ឆ្នាំ ជាគ្រូបង្វឹកដ៏ខ្លាំងពូកែមួយរូប ដោយលោកបានដឹកនាំក្រុមខ្លាំងៗដូចជា AC Milan និង Real Madrid ឈ្នះពានរង្វាន់ Champions league ២លើកដូចគ្នា។ លោក Ancelotti បានជួយក្រុមដូចជា Chelsea, Bayern Munich, Paris Saint Germain, Real Madrid និង AC Milan ឈ្នះពានរង្វាន់តាមលីគនីមួយៗដែលក្លិបទាំងនោះបានប្រជែង។

កាលពីអំឡុងព្រឹត្តិការណ៍ World Cup 2022 ប្រេស៊ីលបានស្ថិតក្រោមការដឹកនាំរបស់លោក Tite តែក្រោយបញ្ចប់ការប្រកួតក្រោយចាញ់ក្រុមក្រូអាត លោក Tite បានចុះចេញពីតំណែង។

ប្រេស៊ីលដែលនឹងត្រូវស្ថិតក្រោមការដឹកនាំបណ្តោះអាសន្តពីសំណាក់លោក Fernando Diniz នឹងចាប់ផ្តើមយុទ្ធនាការប្រកួតប្រជែងវគ្គជម្រុះព្រឹត្តិការណ៍ World Cup 2026 របស់ខ្លួននៅក្នុងខែកញ្ញា ដោយត្រូវស្វាគមន៍ក្រុមបូលីវី មុនពេលទៅប៉ះប៉េរូ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង